ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៨ខែកញ្ញានេះបានថ្លែងសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា សន្និសិទត្រួតពិនិត្យឡេីងវិញលេីកទី៣នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រេីប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តិទៅនៅក្រុងវៀងចន្ទន៍ប្រទេសឡាវកន្លងទៅថ្មីៗនេះ បានចេញថ្លែងការណ៍ថ្កោលទោសចំពោះតួអង្គណាក៏ដោយ គ្រាប់បែកចង្កោមប្រភេទណានិងទម្រង់ប្រេីប្រាស់បែបណាក៏ដោយ….ត្រូវតែបញ្ឈប់និងត្រូវតែគោរពតាមកាតព្វកិច្ចច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។
ឯកឧត្តមហេង រតនា បានថ្លែងថា ដូចនេះការប្រេីប្រាស់គ្រាប់បែកចង្កោមប្រភេទM42, M46 និងM85 ប្រមាណ៦-៧លានគ្រាប់បែកចង្កោមរបស់ទាហានថៃមកលេីបូរណភាពទឹកដីកម្ពុជា វរកងទ័ព/វរនគរបាលកម្ពុជា ជាពិសេសប៉ះពាល់គោលដៅសុីវិលដោយផ្ទាល់ដោយមានភូមិចំនួន៣៤៩ភូមិ (ស្រាវជ្រាវរួចរាល់៣៣៥ភូមិ) ផ្ទៃដីរងផលប៉ះពាល់ជិត៣០មុឺនហិកតា មានជាង៩មុឺនគ្រួសារស្មេីនឹងប្រជាពលរដ្ឋចំនួនប្រមាណជាង៣៥មុឺននាក់ ក្នុងនោះក៏រងប៉ះពាល់ធ្ងន់ធ្ងរដល់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ដីស្រែចម្ការផ្ទះសំបែងនិងហេដ្ឋារចនាសម្ពន្ធ័រូបវន្តសុីវិលទូទៅ នេះជាទង្វេីប្រឆាំងនិងរំលោភបំពានច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សយ៉ាងពិតប្រាកដ!។ រក្សាសិទ្ធដោយ៖សុទ្ធលី

















