ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រីបណ្ឌិត ម៉ាហា ដាម៉ាហ្ស (Maha Damaj) នាយិកាអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងប្ដេជ្ញាចិត្តបន្តគាំទ្រក្រសួងមហាផ្ទៃពង្រឹងគណនេយ្យភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ទូទាំងប្រទេស។
លោកស្រីបណ្ឌិត ម៉ាហា ដាម៉ាហ្ស បានទាញភ្ជាប់ការពង្រឹងគុណភាពនៃការប្រើប្រាស់ថវិកាឃុំ សង្កាត់ មួយចំណែកបម្រើដល់ការងារលើកកម្ពស់ និងសុវត្ថិភាពរបស់ស្ត្រី និងកុមារ ដែលបច្ចុប្បន្ន រដ្ឋបាលឃុំ សង្កាត់ កំពុងដើរតួនាទីយ៉ាងសំខាន់លើការងារអភិវឌ្ឍន៍មូលដ្ឋានដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ ក្នុងនោះក៏រួមទាំងការលើកកម្ពស់សេវាមណ្ឌលសុខភាព សេវាអប់រំថ្នាក់មតេ្តយ្យ និងសេវារដ្ឋបាលនានាពាក់ព័ន្ធនឹងឯកសារ ឬលិខិតស្នាមរបស់កុមារ ដូចជាសេវាអត្រានុកូលដ្ឋានជាដើម ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់កុមារក្នុងការទទួលបានសេវាសាធារណៈផ្សេងៗទៀតរបស់រដ្ឋ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អង្គការយូនីសេហ្វ ដែលបានសហការ និងជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងអំណរគុណ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះយូនីសេហ្វដែលបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅទីនេះ គឺក្រសួងមហាផ្ទៃ សម្រាប់ពង្រឹងគុណភាពសេវារដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ដល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈការបណ្ដុះបណ្ដាលផ្តោតទៅលើសមត្ថភាព និងការអនុវត្តគម្រោងនានា សំដៅធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ស្វាគមន៍ចំពោះទស្សនទានប្រកបដោយការស្ថាបនារបស់យូនីសេហ្វ ផ្ដល់មកក្រសួងមហាផ្ទៃដើម្បីគាំទ្រការងារពាក់ព័ន្ធជាអាទិ៍ ទាំងការបណ្ដុះបណ្ដាលពង្រឹងគុណភាព ការពង្រឹងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រសួង ការគ្រប់គ្រងពន្ធនាគារ រួមទាំងការផ្ដល់ការគាំទ្រដល់សិទ្ធិស្ត្រី និងកុមារ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលយូនីសេហ្វតែងតែធ្វើការងារគ្រប់ថ្នាក់ដឹកនាំ ទាំងក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារសំខាន់នៃការបន្តប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការគ្រប់គ្រងថវិកាមូលនិធិឃុំ សង្កាត់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ដោយសារថវិកានេះមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយថវិកានេះជាថវិការបស់ប្រជាពលរដ្ឋបានមកពីការបង់ពន្ធ ដែលរដ្ឋមានកាតព្វកិច្ចត្រូវធានាថា ត្រូវបានប្រើប្រាស់ចំគោលដៅ និងបម្រើដល់សេចក្ដីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្វាគមន៍ចំពោះការបង្ហាញគោលជំហរ ត្រៀមចូលរួមជាមួយក្រសួងមហាផ្ទៃលើកិច្ចការងារនេះពីសំណាក់យូនីសេហ្វ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសជូន ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់យូនីសេហ្វ រួមមាន លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេស ទទួលបានមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍លោកស្រី Marianna Garofalo ប្រធានកម្មវិធីកិច្ចការពារកុមារ ទទួលបានមេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ លោក ជា វិបុល អ្នកជំនាញគោលនយោបាយសង្គម ទទួលបានមេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ លោក ជា គឹមសុង ទទួលបានមេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ លោក ហ៊ាង ផាត អ្នកជំនាញគោលនយោបាយសង្គម ទទួលបានមេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ និងលោក ប្លុង ឆាយ៉ា អ្នកជំនាញផ្នែកការពារកុមារ ទទួលបានមេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ៕រក្សាសិទ្ធដោយ៖សុទ្ធលី

















