រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន ខេមវ៉ាយប៍ អ៊ិនធើធេនម៉ិន ឯ.ក ដឹកនាំបវរកញ្ញា និងបុរសឯក ឆ្នាំ២០២៥ និង២០២៦ ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់ក្រុមហ៊ុន។
នាឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងអំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ក្រសួងកិច្ចការនារី ក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ និងផែនការកម្មវិធីនានា ដើម្បីលើកកម្ពស់សិទ្ធិ ឋានៈ សមភាពយេនឌ័រ និងតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រី ស្របតាមផែនការយុទ្ធសាស្ត្រ «នារីរតនៈ»។ ទន្ទឹមនឹងនេះ ក្រសួងកិច្ចការនារី ក៏កំពុងធ្វើការយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិសីលធម៌សង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដាន និងចាត់វិធានការម៉ឺងម៉ាត់ចំពោះទង្វើទាំងឡាយណាដែលល្មើសច្បាប់ ឬប៉ះពាល់ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិនៅលើបណ្តាញអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម។
មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់បវរកញ្ញា និងបុរសឯក ដែលបានខិតខំប្រឹងប្រែងនាំមកនូវជ័យលាភីជូនជាតិមាតុភូមិ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាប្រពៃណី និងវប្បធម៌ជាតិ។ ជាមួយគ្នានេះផងដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបវរកញ្ញា និងបុរសឯក ប្រើប្រាស់ឥទ្ធិពល និងសមត្ថភាពរបស់ខ្លួនធ្វើជា «គំរូវិជ្ជមាន» ក្នុងការជំរុញយុវជន ឱ្យចូលរួមលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ ឱកាសស្មើគ្នារវាងបុរសនិងស្ត្រី និងរួមគ្នាទប់ស្កាត់អំពើហិង្សា និងបញ្ហាអសីលធម៌នានា។រក្សាសិទ្ធដោយ៖សុទ្ធលី

















