ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ និង រដ្ឋបាលរាជធានីភ្នំពេញ បានដឹកបញ្ជូនជនជាប់ឃុំចំនួន ១,៨៣៧នាក់ ពីពន្ធនាគាររាជធានីភ្នំពេញ PJ (ទីតាំងចាស់) ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញថ្មី ដែលមានទីតាំងនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល ដោយជោគជ័យ និងសុវត្ថិភាព។
ប្រតិបត្តិការដឹកបញ្ជូននេះ ត្រូវបានអនុវត្តក្រោមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការសហការយ៉ាងជិតស្និទ្ធពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។
អគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា ដំណើរការដឹកបញ្ជូនជនជាប់ឃុំទាំងអស់បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ ដោយអាជ្ញាធរបានដាក់ចេញវិធានការសន្តិសុខ និងសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពជនជាប់ឃុំ កម្លាំងសមត្ថកិច្ច និងសាធារណជន។
ពន្ធនាគាររាជធានីភ្នំពេញ PJ (ទីតាំងចាស់) នឹងត្រូវរៀបចំជាមូលដ្ឋានសម្រាប់ មណ្ឌលអប់រំកែប្រែទី៥ ដែលមានគោលបំណងផ្តល់កម្មវិធីអប់រំកែប្រែ និង ស្តារនីតិសម្បទាដល់ជនជាប់ឃុំ ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង មុខរបរ ដើម្បីជួយពួកគេត្រៀមខ្លួនសម្រាប់ការធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ បន្ទាប់ពីបញ្ចប់ការអនុវត្តទោស។
ការរៀបចំទីតាំងចាស់ទៅជាមណ្ឌលអប់រំកែប្រែ ក៏ជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំកែប្រែ និងស្តារនីតិសម្បទាជនជាប់ឃុំ ព្រមទាំងចូលរួមកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ។
ប្រតិបត្តិការដឹកបញ្ជូនជនជាប់ឃុំចំនួន ១,៨៣៧នាក់នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







