ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរបរិស្ថានមណ្ឌលគិរី បញ្ជូនសំណុំរឿងបទល្មើសធនធានធម្មជាតិ ១៧៤ករណី ទៅតុលាការ ចាត់ការ  ក្នុង រយៈពេល៩ខែ !!

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបន្តរឹតបន្តឹងការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ បានកសាង និង បញ្ជូនសំណុំរឿងចំនួន ១៧៤ករណី ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍សង្ខេបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២៦ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា:  ក្នុងអំឡុងពេលនេះ មន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារធម្មជាតិទាំង៥ បានចុះល្បាតសរុបចំនួន ២,៧០១លើក ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសដែលប៉ះពាល់ដល់ព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ។

ក្នុងប្រតិបត្តិការទាំងនេះ មន្ត្រីជំនាញបានដកហូតវត្ថុតាង និងមធ្យោបាយពាក់ព័ន្ធនឹងបទល្មើសជាច្រើន រួមមាន អេស្កាវ៉ាទ័រ ៣គ្រឿង គោយន្តកែច្នៃ ១២គ្រឿង រ៉ឺម៉ក ២គ្រឿង រថយន្ត ៨គ្រឿង ម៉ូតូ ១១៩គ្រឿង រណារយន្ត ៨៩គ្រឿង ត្រាក់ទ័រ ១គ្រឿង ម៉ាស៊ីនម៉ាស៊ូត ២០គ្រឿង និងម៉ាស៊ីនបូមទឹក ១៤គ្រឿង។

មន្ត្រីជំនាញក៏បានដកហូតអាវុធស្វ័យប្រវត្តិ ៨ដើម គ្រាប់បែក ៥០គ្រាប់ ទូរស័ព្ទ ៣គ្រឿង តាបឈូស ៣គ្រឿង និងឧបករណ៍ឆក់ ២៦គ្រឿង ដែលត្រូវបានរកឃើញពាក់ព័ន្ធនឹងសកម្មភាពល្មើស។

ក្រៅពីនេះ អន្ទាក់ចំនួន ២,៦៣៥ខ្សែ ត្រូវបានដកហូត ខណៈឧបករណ៍សម្រាប់សកម្មភាពរុករករ៉ែមាសមួយចំនួនធំក៏ត្រូវបានចាត់វិធានការផងដែរ។

សម្រាប់បទល្មើសព្រៃឈើ មន្ត្រីជំនាញបានដកហូតឈើប្រណិតប្រភេទលេខ១ ដូចជា សុក្រំ ស្រឡៅ និងឈ្លីក ចំនួន ២,៨៤៨សន្លឹក/កំណាត់ ស្មើនឹង ៨១.៨៨៧ម៉ែត្រគូប។

ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នៅតំបន់ការពារធម្មជាតិ មន្ត្រីជំនាញក៏បានរុះរើរោងសំណង់ខុសច្បាប់ចំនួន ២០រោង និងលុបអណ្តូងរ៉ែមាសចំនួន ៣អណ្តូង។

ដោយឡែក សត្វព្រៃចំនួន ៤៩ក្បាល ត្រូវបានសង្គ្រោះពីការជួញដូរ ឬការប្រើប្រាស់ខុសច្បាប់។

សត្វដែលត្រូវបានសង្គ្រោះរួមមាន ជ្រូកព្រៃ ត្រកួត និងពស់ថ្លាន់ ហើយត្រូវបានដោះលែងឱ្យត្រឡប់ទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ការចុះល្បាត និងការអនុវត្តច្បាប់នឹងបន្តធ្វើឡើង ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ព្រមទាំងរក្សាសុវត្ថិភាព និងនិរន្តរភាពនៃតំបន់ការពារធម្មជាតិ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម