កំពង់ស្ពឺ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនជនសង្ស័យប្រុស-ស្រី ៣ នាក់ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្រោយសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសង្ស័យជិត ១ គីឡូក្រាម។
យោងតាមដីកាតុលាការ ជនសង្ស័យទាំង ៣ នាក់ រួមមាន ធី សុផាន់ណា ភេទស្រី អាយុ ២៣ ឆ្នាំ, ឡុង បញ្ញា ភេទស្រី អាយុ ២៥ ឆ្នាំ និង ស្រស់ រាក់ ភេទប្រុស អាយុ ៣៦ ឆ្នាំ។ អ្នកទាំង ៣ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
តាមការចោទប្រកាន់ ប្រសិនបើតុលាការរកឃើញមានពិរុទ្ធភាព ពួកគេអាចប្រឈមនឹងទោសពន្ធនាគារយ៉ាងតិច ២០ ឆ្នាំ ក្នុងម្នាក់ៗ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ១១:២៨ នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន។
ជំហានដំបូង សមត្ថកិច្ចបានឃាត់ខ្លួន ធី សុផាន់ណា អាយុ ២៣ ឆ្នាំ និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ២ កញ្ចប់ ទម្ងន់ ១៤.៦៨ ក្រាម ព្រមទាំងទូរស័ព្ទដៃ ១ គ្រឿង។
ក្រោយទទួលបានព័ត៌មាន និងបន្តការស្រាវជ្រាវ កម្លាំងជំនាញបានឈានទៅដល់ផ្ទះរបស់ ឡុង បញ្ញា នៅវេលាម៉ោង ១១:៥២ នាទីព្រឹកថ្ងៃដដែល ហើយឃាត់ខ្លួនបានជនសង្ស័យ ២ នាក់ទៀត គឺ ឡុង បញ្ញា និង ស្រស់ រាក់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ២១ កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ ៨ កញ្ចប់ សរុបទម្ងន់ ៩២៨.៤៤ ក្រាម។
ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូ ២ គ្រឿង ទូរស័ព្ទដៃ ២ គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ១ គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ សន្លឹក ព្រមទាំងថង់សម្រាប់វេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៣ នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






