ភ្នំពេញ៖ លោកកឹម សុខា បានថ្លែងថា វីរុស Covid-19 បានរាតត្បាតបង្កជំងឺ និងសម្លាប់មនុស្ស ដោយមិនរើសមុខ មិនរើសអើង ជាតិសាសន៍ ប្រទេសតូចឬធំ ប្លុកកុម្មុយនីស ឬសេរី អ្នកធំ អ្នកតូច អ្នកមានឬអ្នកក្រនោះឡើយ ហើយលោកថា សូមឲ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមសាមគ្គីជាតិ ឯកភាពជាតិ និង ផ្តល់អាទិភាពយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាខាងលើនេះ។ លោកកឹម សុខា ក៏បានលើកទឹកចិត្ត និងកោតសរសើរ ដល់សមត្ថកិច្ចដែលខិតខំ ប្រឹងប្រែង ធ្វើការលះបង់បំពេញការងារដ៏លំបាក និងគ្រោះថ្នាក់នេះ ជាពិសេសសូមកុំបំភ្លៃ កុំបំប៉ោងព័ត៌មាន និងក៏កុំលាក់បាំងព័ត៌មានពិត និងកុំប្រកាន់និន្នាការនយោបាយ និងកុំរើសអើងគ្នា។

“សាមគ្គីភាពជាតិ និងសាមគ្គីភាពអន្តរជាតិ” គឺជាការចាំបាច់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺCovid-19 ដ៏សាហាវឃោរឃៅនៅពេលនេះ។ ពីព្រោះគ្រោះអាសន្ននេះ មិនមែនជាបញ្ហារបស់បុគ្គលណា គ្រួសារណា សហគមន៍ណា ប្រទេសណា ជាតិសាសន៍ណាមួយនោះឡើយ វាក្លាយទៅជាវិបត្តិសកលទៅហើយ។ នេះបើតាមការថ្លែងរបស់លោកកឹម សុខា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
លោកកឹម សុខា បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការ ថា ម្យ៉ាងទៀតវីរុស Covid-19នេះ វារាតត្បាតបង្កជំងឺ និងសម្លាប់មនុស្ស ដោយមិនរើសមុខ មិនរើសអើង ជាតិសាសន៍ ប្រទេសតូចឬធំ ប្លុកកុម្មុយនីស ឬសេរី អ្នកធំ អ្នកតូច អ្នកមានឬអ្នកក្រ…នោះឡើយ។ ជាពិសេសជំងឺរាតត្បាតនេះ មិនត្រឹមតែវាយប្រហារទៅលើសុខភាព និងអាយុជីវិតមនុស្ស ដោយផ្ទាល់នោះទេ លើសពីនេះទៅទៀត វាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅ របស់មនុស្សទូទៅយ៉ាងធ្ងន់ធ្ងរ បើយើងមិនរួបរួមគ្នា ប្រយុទ្ធយកឈ្នះលើវាឲ្យបានព្រមៗគ្នា និងឲ្យបានឆាប់រហ័សនោះទេ។
បើតាមលោកកឹម សុខា ក្នុងឱកាសនៃការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 នេះ ខ្ញុំសូមអំពាវនាវ៖” សូមឲ្យពិភពលោក មានការសាមគ្គីគ្នាជាសកល ដោយកុំរើសអើងជាតិសាសន៍ ប្រទេសឬប្លុកនយោបាយ សេដ្ឋកិច្ចឬសង្គម ដោយចាត់ទុកថានេះជាបញ្ហាសកល។ សូមឲ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមសាមគ្គីជាតិ ឯកភាពជាតិ និង ផ្តល់អាទិភាពយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាខាងលើនេះ ជាពិសេស៖ សូមថែរក្សាការពារសុខភាពខ្លួន និងគ្រួសារផ្ទាល់ ឲ្យបានខ្ជាប់ខ្ជួនតាមក្បួនវិជ្ជសាស្ត្រ ដែលបានណែនាំជាផ្លូវការដោយស្ថាប័នជំនាញ។ សូមចូលរួមចែករំលែកដោយសេចក្តីមេត្តា ករុណា ជួយគ្នាទៅវិញទៅមក ជួយសង្គមនិងជួយប្រទេសជាតិ តាមស្មារតី និងតាមលទ្ធភាព ក្នុងស្ថានភាពដ៏អាសន្ននេះ។ សូមជួយលើកទឹកចិត្ត និងកោតសរសើរ ដល់សមត្ថកិច្ចដែលខិតខំ ប្រឹងប្រែង ធ្វើការលះបង់បំពេញការងារដ៏លំបាក និងគ្រោះថ្នាក់នេះ។ សូមកុំបំភ្លៃ កុំបំប៉ោងព័ត៌មាន និងក៏កុំលាក់បាំងព័ត៌មានពិត។ សូមកុំប្រកាន់និន្នាការនយោបាយ និងកុំរើសអើងគ្នាឲ្យសោះ៕ដោយ៖កូឡាប




