Home ព័ត៌មានជាតិ ឆ្នាំក្រោយ ២០២២ ទំនងជាមិនមានរើសមន្ត្រីថ្មី សម្រាប់បំរើតាមក្រសួងស្ថាប័នទេ

ឆ្នាំក្រោយ ២០២២ ទំនងជាមិនមានរើសមន្ត្រីថ្មី សម្រាប់បំរើតាមក្រសួងស្ថាប័នទេ

0
ឆ្នាំក្រោយ ២០២២ ទំនងជាមិនមានរើសមន្ត្រីថ្មី សម្រាប់បំរើតាមក្រសួងស្ថាប័នទេ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ទំនងជាមិនមានការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយការរើសបុគ្គលិកថ្មីក៏មិនមានដែរ។​

ឯកឧត្តមបន្តថា ការចំណាយនានា ដែលមិនមានជាចំណាយបុគ្គលិក (ចំណាយក្រៅពីប្រាក់បៀវត្ស) នឹងត្រូវបានរឹតបន្ដឹង និងកាត់បន្ថយ នៅតាមក្រសួងស្ថាប័នដែរ។ នេះបើយោងតាមការលើកឡើង ក្នុងសិក្ខាសាលាសភាស្តីពី ការស្វែងយល់អំពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា «ឆ្នាំក្រោយ ២០២២នេះ ប្រាក់បៀវត្សត្រូវបានរឹតបន្ដឹង ការរើសបុគ្គលិកបន្ថែមក៏មិនមានទៀតដែរ ចំណាយមិនមែនប្រាក់ខែបុគ្គលិកត្រូវរឹតបន្ដឹង យើងមិនមានលទ្ធភាព ជូនតាមសំណូមពរទាំងស្រុង ប៉ុន្ដែមិនមែនអត់ទាំងអស់នោះទេ បានខ្លះដោយផ្អែកលើធនធាន មានកម្រិត និងត្រូវតម្រង់ទិសរកកន្លែង ដែលធ្វើឲ្យយើងអាចរស់បាន មានជីវិតយូរអង្វែង និងខ្លាំងក្លាទៅថ្ងៃមុខ»។ ឯកឧត្តមបាន​បង្ហាញពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យបាននូវធនធានគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ឲ្យរួចទាំងអស់ នូវអ្វីដែលជាតម្រូវការពិតប្រាកដ អាទិភាពរបស់ជាតិ ដោយមិនអាចដួលរំលំបាននោះឡើយ។ ដូច្នេះមិនមានជម្រើសអ្វីក្រៅពីប្រមូលធនធានជាតិឲ្យអស់លទ្ធភាព ដោយមានទាំងចំណូលសារពើពន្ធ, មិនមែនសារពើពន្ធ និងការខ្ចីគេជាដើម។

បើតាមការគូសបញ្ជាក់ពីឯកឧត្តម វង្សី វិស្សុត ចំពោះការខ្ចីនេះ ជាកម្ចីដែលមិនធ្វើឲ្យកម្ពុជាជួបបញ្ហានោះឡើយ គឺខ្ចីក្នុងនាមជាម្ចាស់ការ ប្រើប្រាស់ឲ្យចំមុខ បម្រើឲ្យចំគោលដៅ បម្រើប្រជាជន បម្រើឲ្យមានការអភិវឌ្ឍន៍។ ក្នុងនោះប្រភពខ្ចី កម្ពុជាអាចខ្ចីក្នុងប្រទេសខ្លួនឯងផង និងខ្ចីពីបរទេសផងដែរ៕