ភ្នំពេញ ៖ មហាជនទាំងក្នុងនិងក្រៅប្រទេស មានការស្លុតចិត្តជាខ្លាំងក្រោយពេលទទួល ដំណឹងដ៍រន្ធត់មួយ នឹកស្មានមិនដល់ ដែលតារាភាពយន្តជើងចាស់ និងជាម្ចាស់បទ«ខ្យល់កំពូលភ្នំ» អ្នកស្រីកែវ មន្ថា បានទទួលមរណភាពក្នុងវ័យ៧៧ឆ្នាំ ដោយរោគាពាធ។
នេះជារឿងសោកស្តាយមួយ របស់អ្នកស្នេហាវិស័យសិល្បៈ ដែលបាត់បង់ធនធានសិល្បៈចាស់ទុំសល់តាំងពីជំនាន់លោក ស៊ិន ស៊ីសាមុតមកម្ល៉េះ។ ដំណឹងអកុសលនេះបានធ្វើ ឲ្យក្រុមគ្រួសារទទួលយកមិនបាននោះទេ ព្រោះម្នាក់ៗគោរពស្រឡាញ់អ្នកស្រីណាស់។
នេះបើតាមការប្រកាសឲ្យដឹងពីក្រុមព្រះសុរិយានៅថ្ងៃនេះ ក្រុមស្រាវជ្រាវភាពយន្តខ្មែរ ពីដើមខាងលើនេះបានប្រកាសថា ក្រុមព្រះសុរិយា មានក្តីរន្ធត់ឥតឧបមាចំពោះដំណឹងមរណភាពរបស់លោកជំទាវ កែវ មន្ថា អតីតសិល្បការិនីខ្មែរបីជំនាន់ ដែលបានលាចាកលោកទៅ កាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៧ ឆ្នាំ ដោយរោគាពាធ។

លោកជំទាវកែវ មន្ថា គឺជាសិល្បការិនីដ៏ឆ្នើមមួយរូបនៃកម្ពុជា ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងស្នាដៃ។ ការបាត់បង់នេះ គឺជាបាត់បង់ធនធានដ៏កម្រមួយរូប ប្រចាំវិស័យសិល្បៈទី៧នៃជាតិខ្មែរ ។
ក្រុមព្រះសុរិយា សូមឧទ្ទិសបុណ្យកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវ សូមអញ្ជើញទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោជំទាវ កែវ មន្ថា បានសម្តែងក្នុង រឿង សង្សារឧត្ដមដួងចិត្ត, រឿង សំណើចចំអកនៃព្រហ្មលិខិត, រឿង គូកម្មទេបង, រឿង ជំនោរកំពូលភ្នំ, រឿង ចិត្តម្តាយ និងរឿងជាច្រើនទៀត!»។
ដោយឡែក បទចម្រៀងវិញ មានដូចជា បទ មួលភ្លៅ បទ មិនយកទេប្តីចាស់ បទ គេហើយនិងបង បទ ថើបមកចុះ, បទ លោកជំទាវ កែវ មន្ថា គឺជាម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ ១៩៦៤ ប្រទានដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ «ខ្យល់កំពូលភ្នំ» បកស្រាយដោយលោកជំទាវផ្ទាល់ ។

បន្ថែមពីលើនេះ កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងប្រចាំផលិតកម្មថោន ដែលជាចៅបង្កើត របស់លោកស្រី កែវ មន្ថា និងបានលោកស្រីស្រឡាញ់ ហើយរមែងប្រាប់ពីតិចនិចច្រៀង បានយំរៀបរាប់ថា « ពេលនេះក្រុមគ្រួសារបាន នឹងកំពុងរង់ចាំ កូនប្រុសលោកយាយម្នាក់ទៀត ត្រឡប់ពីអាមេរិក មកធ្វើបុណ្យ មិនទាន់ហ៊ាននិយាយថា បូជាក្នុងពេលណាទេរង់ចាំសួរនាំយោបល់គ្នាសិន។ លោកយាយមន្ថា គាត់ឈឺដំបូងឈឺឆ្អឹង មានជំងឺបេះដូង លើសឈាម និងសួត។ ប៉ុន្តែ១សប្តាហ៍ចុងក្រោយនេះ ចាប់ផ្តើមខ្សោយទៅៗ ក៏សម្រេចបញ្ជូនទៅមន្ទីរពេទ្យ។ គ្រាន់តែយកទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យ បាន១យប់ ឆ្លងដល់ម៉ោង១២យប់ ក៏ផុតដង្ហើមចាកចេញពី កូនចៅតែម្តង។ នេះជាភាពសោកស្តាយ មួយមិនថានាងនិងចៅៗឯទៀត។ លោកយាយ ស្រឡាញ់នាង ហើយនាងក៏គោរពគាត់ជាអ្នកមានគុណមួយដែរ។ គ្រប់យ៉ាងលើសិល្បៈ តាំងពីការច្រៀង សម្តែង និងអត្តចរិករៀបចំខ្លួន ក្នុងនាមសិល្បៈលោកយាយរមែង ណែនាំ និងប្រដៅឲ្យចេះឲ្យតម្លៃសិល្បៈ។
អ្នកស្រីកែវ មន្ថា តាមដឹងមានកូនប្រុស២នាក់ជាកូនភ្លោះ ដោយម្នាក់ជាតារាចម្រៀងកាលលោកហ្វៃ សំអាងកាន់សិល្បៈនៅប៉ុស្តិ៍លេខ៣ ឧស្សាហ៍អញ្ជើញកូនប្រុស អ្នកស្រីឡើងច្រៀង គឺលោក សុខ សំអាល់ ដែលពេលនេះរស់នៅអាមេរិក និងកំពុងរត់ការមកធ្វើបុណ្យជូនម្តាយជាកិច្ចចុងក្រោយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













