ភ្នំពេញ ៖ កែវ សុបញ្ញា បានសម្រេចគម្រោងរៀបការរបស់ខ្លួននៅបំណាច់ឆ្នាំ២០២១នេះចោលវិញ បើទោះបីជាបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរៀបចំពិធីរៀបការជាប្រក្រតីឡើងវិញ ក្រោយការឆ្លងរីករាលនៃជំងឺកូវីដ១៩នៅកម្ពុជាបានថមថយច្រើន។

តាមគម្រោងតារាចម្រៀងរូបនេះនឹងរៀបចំពិធីមង្គលការនៅអំឡុងបំណាច់ឆ្នាំ២០២១ នេះ បន្ទាប់ពីនាងបានសម្រេចភ្ជាប់ពាក្យជាមួយអនាគតស្វាមីដែលជាកូនចៅចិន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១គន្លងទៅ ប៉ុន្តែគម្រោងនេះបានលុបចោលវិញដោយសារមូលហេតុមួយ។
មូលហេតុនោះត្រូវបាន កែវ សុបញ្ញា បានអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា ក្រោយពីគុណគូរកវេលាល្អរៀបការ ស្រាប់តែជើងលេខបង្ហាញថា នាងនិងគូដណ្តឹង មិនអាចរៀបការនៅចុងឆ្នាំនេះបានទេ ពោលឆ្នាំដែលល្អបំផុតគឺនៅចុងឆ្នាំ ២០២៣ ឬ ២០២៤ ក្នុងអំឡុងខែ ១ ឬ ខែ ២ ។

នាងបញ្ជាក់ថា ដោយសារមានជំនឿបែបនេះទើបនាងសម្រេចចិត្តលើកពេលវេលារៀបការ ហើយក្រុមគ្រួសារទាំងសងខាងក៏យល់ព្រមទៅតាមដែរ។
យ៉ាងណាបើទោះបីជាតារាចម្រៀង កែវ សុបញ្ញា មិនទាន់រៀបចំពិធីមង្គលការខ្លួនទៅតាមប្រពៃណីក្តី ប៉ុន្តែបើក្រឡែកមើលពីចំណងស្នេហ៍នាងនិងគូដណ្តឹងវិញ គឺកាន់តែផ្អែមល្ហែម មិនចាញ់ប្តីប្រពន្ធទើបនិងរៀបការរួចឡើយ ដោយអ្នកទាំងពីរបានដឹកដៃគ្នាទៅដើរកម្សាន្តែតាមតំបន់កម្សាន្តជាច្រើនជុំវិញខេត្តក្រុង ហើយចុងក្រោយនេះអ្នកទាំងពីរ ថែមទាំងបានបោះទុនប្រាក់ដើម្បីបើកជំនួញរួមគ្នាផងដែរ។
គួរំលឹកថា តារាចម្រៀង កែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយលោក ប៉ាល់ ប៉ោស៊ាង ដែលជាកូនចៅចិន កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១ ហើយអ្នកទាំងពីរមានគម្រោងនឹងរៀបចំពិធីមង្គលការនិងគ្នានៅបំណាច់ឆ្នាំ ២០២១ប្រសិនជំងឺកូវីដ ១៩ មានការធូរស្រាល ហើយរដ្ឋាភិបាលអនុញាតិឱ្យប្រជាជនគ្រប់គ្នារៀបចំពីមង្គលការឡើងវិញបាន។

ទោះជាយ៉ាងណាទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្ររំពឹងថា មង្គលការរបស់តារាចម្រៀងរូបនេះ នឹងអាចប្រព្រឹត្តទៅការគ្រោងទុកណាមួយជាមិនខានឡើយ ដោយសារបច្ចុប្បន្នក៏មានតារាជាបន្តបន្ទាប់ ពីសម្រេចរៀបចំមង្គលការខ្លួនឡើងវិញ ក្រោយពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលឲ្យមានការរៀបចំពិធីមង្គលការឡើងវិញនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








