ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិ ញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត»។

យោងចំណារឯកភាពជាគោលការណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានគណៈប្រចាំការគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះ លោក លោកស្រីប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈតាមបណ្តាខេត្ត ម្ចាស់រោងសម្ដែងសិល្បៈម្ចាស់រោងភាពយន្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ទាំងអស់ជ្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូល ទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត។

ក្រសួងបានបញ្ជាក់ទៅប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តាមបណ្តាខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ជាប់ជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ កូលាប




