ភ្នំពេញ ៖ តារាវ័យក្មេង ១គូកំពុងតែល្បីតែរឿងស្នេហា ជាងចម្រៀង ប៉ាច គីមមួយ និង សយ រតនៈ នៅតែធ្វើឲ្យគេតាមដាន អំពីដំណើរវិវត្តន៍នៃ ចំណងមួយនេះ។ ចុងក្រោយក៏លេចឭថា អាចកាន់ដៃគ្នា ចូលរោងការខណៈ សាមីខ្លួនសងខាង មិនដែលច្រានចោល ដំណឹងទាំងនេះឡើយ។

មកទល់ពេលនេះ គីមមួយ និងប្រុសក្មេងសយ រតនៈ កាន់តែស្អិតល្មួតចូលគ្នា ដោយសារកាន់តែងាកមក ស្និទ្ធស្នាលគ្នាច្រើនឡើងលើសមុន។ គេឯងសួរថា ប៉ាច គីមមួយ និងសយ រតនៈ អាចក្លាយជាប្តីប្រពន្ធគ្នា បានទេ ឬមួយអាចជា ការសម្តែងដើម្បីជាភាពទាក់ទាញ ពេលនេះហ្វេនៗ កំពុងតាមដានរឿងនេះណាស់ដើម្បីចង់ដឹងការណ៍ពិត។
ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុសក្មេងសយ រតនៈ ពីមួយថ្ងៃទៅ មួយថ្ងៃ ឲ្យកាន់តែរឹងមាំថែមទៀតដូចជានៅចុងសប្ដាហ៍ ពួកគេនាំគ្នាទៅកម្សាន្ដនៅតំបន់ទេសចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹងពួកគេដឹកដៃគ្នា ចូលរោងការកាន់ តែកៀកខិតចូលមកដល់ បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជំរុញ ឲ្យស្រីស្រស់ប្រុសសង្ហារ ១គូនេះ គួរតែដល់វេលាក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។ប៉ុន្ដែនាងគីមមួយ ត្រូវសម្របខ្លួនតាមប្រុសក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះសម្រេច ចិត្តពន្យារពេលនោះ នាងក៏មិនអាច បង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះ របស់នាង បានទាំងរូបគេមិនសប្បាយចិត្តដែរ។

គូស្នេហ៍ តារា១គូ នេះស្ទើតែចែកផ្លូវគ្នា កណ្ដាលទីទៅហើយ ព្រោះកាលពីដើមឆ្នាំ២០២១ មានព័តមានថា លោករតនៈ បានងាកទៅកៀកកើយស្រី ផ្សេងដែលមានទ្រព្យស្ដុកទើបធ្វើឲ្យអ្នកមេម៉ាយ គីម មួយ ព្រួយចិត្តជាខ្លាំង។ តែក្រោយមកពួកគេបង្ហាញ ភាពផ្អែមល្ហែមស្នេហ៍សារជាថ្មីឡើងវិញដូច ជាទៅណាមកណាជិះ រថយន្ដតែ២នាក់ហើយ ពាក់អាវនិងខោពណ៌ ដូចគ្នាដើម្បីបញ្ជាក់ ថាចិត្តមួយថ្លើមមួយធ្វើឲ្យប្រុសផ្សេងៗទៀត ដែលលង់ស្នេហ៍គីមមួយ ដែរបានខកចិត្តព្រោះទោះជាចង់ជះ លុយធំប៉ុណ្ណាមកធ្វើនុយ ក៏មិនអាចស្ទួចបេះដូង អ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេក រូបនេះពីប្រុសក្មេងបានដែរ។ យ៉ាងណាទាំងនាងគីមមួយ និង លោក រតនៈ ធ្លាប់ប្រាប់អ្នកយកព័ត៌មាន យើងថាពួកគេ មិនទាន់អាចនិយាយរឿង រៀបការថា នឹងធ្វើនៅពេលណាបានឡើយ។ អ្វីដែលគូឲ្យចាប់អារម្មណ៍ពេលនេះនាងគីមមួយ ហាក់ល្បីតែរឿង ស្នេហាជាង អាជីពចម្រៀង ព្រោះ ក្រោយ នាងបាត់បង់ ឱកាសច្រៀង សម្ដែងជាមួយលោកព្រាប សុវត្ថិ នោះពេលនេះ នាងហាក់ នៅ ទ្រឹងពិបាកលោតទៅមុខ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















