ភ្នំពេញ ៖ តារាកំប្លែងនាង ខ្ញុង បានបង្ហោះសារថា ចំៗទៅដល់អ្នកលក្ខណៈមួយចំនួនតូចដែលបានជាន់ពន្លិចខ្លួន ពេលដែលនាងធ្លាក់ទឹក ខណៈពេលជីវិតរបស់នាងចាប់ផ្តើមមានពន្លឺបណ្តើរៗជាថ្មីឡើងវិញ ពាក់ព័ន្ធបំណុល។

ដោយមិនបញ្ជាក់ឈ្មោះអ្នកលក្ខណៈណាចំ នាង ខ្ញុង គ្រាន់តែបង្ហាញពីអារម្មណ៍ចងចាំមិនអាចបំភ្លចបាននូវទង្វើដែលធ្វើដាក់ខ្លួន។
តាមរយៈសារដែលបានបង្ហោះតាមហ្វេសប៊ុកនាង ខ្ញុង បានលើកឡើងថា អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច។
នាងថា នៅពីក្រោយការបរាជ័យរបស់ខ្ញុំ ធ្វើឲ្យខ្ញុំស្គាល់មនុស្សជាច្រើនស្គាល់មនុស្សល្អពិតប្រាកដ ស្គាល់មនុស្សអាក្រក់ពិតប្រាកដស្គាល់អ្នកលើកតម្កើនពិតប្រាកដ និងស្គាល់អ្នកជាន់ពន្លិចពិតប្រាកដ។

នាងបញ្ជាក់ថា ខ្ញុំដួលកន្លែងហ្នឹងខ្ញុំក៏ប្រឹងងើបវិញនៅកន្លែងហ្នឹងដូចគ្នា ខ្ញុំកំពុងតែតោងឈរហើយក៏រឹងមាំដើម្បីបន្តជីវិត តស៊ូរស់យកឈ្នះភាពបរាជ័យឲ្យបាន។
ទន្ទឹមនិងការក្រោកឈរនេះខ្ញុំក៏គ្មានថ្ងៃភ្លេចបងប្អូនសប្បុរសធម៌ជាច្រើននាក់ ដែលផ្ដល់ជំនួយនិងទំនុកបម្រុង ឱ្យខ្ញុំនឹងមានមុខរបស់ថ្មីផ្ដើមជីវិតជាថ្មីជាមួយគ្រួសារមួយនេះ និងអរគុណដល់ម្ចាស់បំណុលគ្រប់រូប ដែលយកយោគយល់អធ្យាស្រ័យ ទុកពេលវេលាសម្រាប់ខ្ញុំ។ អរគុណប្ដីសម្លាញ់ដែលនៅក្បែរខ្ញុំមិនបោះបង់ខ្ញុំ ហើយខ្ញុំក៏រឹតតែចងចាំថែមទៀតជាមួយនឹងអ្នកសិល្បៈដូចគ្នា មួយចំនួនតូច ដែលមិនឲ្យតម្លៃថែមទាំងជាន់ពន្លិច មើលងាយបន្ទាបបន្ថោកចំអកឌឺដងផ្លែផ្កាឱ្យខ្ញុំ ខ្ញុំ នឹងចងចាំជារៀងរហូត ហើយក៏ជូនពរកុំឲ្យអ្នកជួបបញ្ហាដូចខ្ញុំ វប្បធម៌ក្តិចត្រួយដែលខ្ញុំបានស្គាល់និងឃើញច្បាស់នឹងភ្នែក វានឹងឋិតក្នុងបេះដូងខ្ញុំជារៀងរហូត។ ការងារដែលខ្ញុំស្រឡាញ់ខ្ញុំនៅតែបន្តធ្វើសម្រាប់អ្នកដែលស្រឡាញ់គាំទ្រខ្ញុំនិងឱ្យតម្លៃខ្ញុំ តែកន្លែងដែលខ្ញុំមិនចង់ត្រឡប់ទៅហើយ ក៏គ្មានថ្ងៃទៅគឺជាកន្លែងដែលខ្ញុំស្គាល់ច្បាស់ ហើយក៏មិនចង់រំខាននិងប៉ះពាល់ដល់កិត្តិយសអ្នកណា៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








