ភ្នំពេញ ៖ តារាចម្រៀងខ្មែរ រស់នៅអាមេរិក លោក រ៉ានីត បានរស់នៅសុខដុមរមនា មួយរយៈកាលមកហើយ បន្ទាប់ពីបានរស់នៅលើ ទឹកដីដ៏ជឿនលឿន ស៊ីវិល័យនៃប្រទេសអាមេរិក។ បើទោះជាពេលនេះ លោកមានឱកាសផ្ញើជីវិតនៅលើ ទឹកដីសម្បូរដុល្លារ ក៏លោកនៅតែ ឈ្លៀតរំលឹកដល់រឿងកាលនៅពីក្មេងៗ ឡើងវិញដែលជាការចងចាំមួយ សម្រាប់ទុកជាអនុស្សាវរីយ៍ ដែលបានកើតជំពប់ឡើងនៅពីតូច។
លោកRanith ធិបតី បានកើតជានៅក្រុងភ្នំពេញ ហើយបានប្តូរទៅរស់នៅខេត្តបាត់ដំបង ដែលលោកឪពុកធ្វើនាយទាហានប្រចាំការ នៅជាយដែនថៃខ្មែរ ខណៈម្តាយជាអ្នកលក់ដូរ។ លោកជាកូនច្បង ក្នុងចំណោមបងប្អូន៣នាក់ ស្រី២។ នៅកុមារភាព រ៉ានីត បានធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សា បណ្តុះវិជ្ជា បច្ចុប្បន្នហៅសាលា សុធារស។ លោកបានងាកទៅសិក្សា មួយរយៈកាលនាខេត្តបាត់ដំបង ដោយមានដិតដាម ទៅដោយរូបភាពជាច្រើន ស្ថិតដក់នៅក្នុង អារម្មណ៍មកទល់ពេលនេះ។

តារាប្រុសដែលក្លាយជាតារាចម្រៀង ប្រចាំនាយសមុទ្ររូបនេះ ថ្លែងថា បើរំលឹកកាលខ្លួននៅក្មេង ដូចជាមិនលំបាកអ្វីពេកនោះទេ ព្រោះអ្នកម្តាយជា អ្នករកស៊ី ឪពុកទាហាន។ អ្វីដែលលោកចាំកាលនៅ ថ្នាក់ទី៦ឬ៧ ធ្លាប់ជួយម្តាយ លក់ការ៉ែម សន្សំលុយជូនគាត់ទុកដើមរកស៊ី ដោយពេលនោះម្តាយចង់មាន ប្រាក់ធ្វើដើមលក់នំបញ្ចុកនៅសាលាដែលរៀន។ អំឡុងពេលនោះហើយដែលលោក ខំរកលុយជួយគាត់ ហើយបានលក់ដូរក្នុងសាលា។ រាល់ការលំបាកផ្សេងៗទៀត ដូចមិនមានលើសនឹង ដោយឪពុកផ្តាំថា កុំគិតច្រើន ដឹងតែពីរៀនទៅបានហើយ ព្រោះឪពុកម្តាយ គ្មានអ្វីដែលចែកឲ្យ ក្រៅពីការទូន្មានឲ្យរៀនតែប៉ុណ្ណោះ។ ដោយមានវាសនាល្អ ឪពុកលោកបានជួប បងប្រុសបង្កើត ចុះពីអាមេរិកមករកប្អូនដើរសើបសួរ រហូតបានជួបគ្នាវិញ។ ក្រោយមកបងប្រុសគាត់បានធានា ប្អូននិងកូនចៅបានចេញទៅរស់នៅទីនោះ មកទល់សព្វថ្ងៃ។

រស់នៅអាមេរិក ច្រើនឆ្នាំមកទល់ពេលនេះ លោកបានការងារធ្វើ និងក្លាយជាសញ្ជាតិខ្មែរ អាមេរិក ដែលក្រៅពីបានសម្តែងនៅតាមរដ្ឋនានា រ៉ានីត និងអាចច្រៀងរាំតាម បណ្តាប្រទេសផ្សេងទៀត។ ក្នុងនោះដូចជា បារាំង អូស្ត្រាលី កាណាដាជាដើម។ តាមគម្រោងនៅចុងឆ្នាំនេះ រ៉ានីត មានផែនការច្រៀង និងឆ្នាំក្រោយក៏មានកក់គម្រោងសម្តែងតាមរដ្ឋខ្លះនៅអាមេរិក ហើយក៏ចាប់ដៃសហការច្រៀងជាមួយ លោក មាស សាលីផងដែរ។ អ្វីដែលលោករីករាយ គឺត្រៀមចាប់ដៃគូ ជាមួយអ្នកនាង សុន ស្រីពេជ្រ ដើម្បីថតបទចម្រៀងរួមគ្នាឆាប់ៗ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















