នេះពិតជារៀងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ គ្រាដែលបានឃើញម៉ូតូធំមួយគ្រឿង រត់លើដងផ្លូវតែឯង ពុំមានមនុស្សជិះ ដូចខ្មោចលងអ៊ីចឹង ដែលធ្វើឲ្យអ្នកនៅកន្លែងកើតហេតុ ព្រលឹងចេញហូបប្រលឹតគ្រប់ៗគ្នា។
ទោះជាយ៉ាងណា មិនមែនជាខ្មោចលងអ្វីស្អីនោះទេ តែតាមពិត គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែក ប្រៀបដូចឆាកកំប្លែងប៉ុណ្ណោះ នោះក៏ដោយសារតែខណៈពេលនោះ គឺម្ចាស់បានធ្លាក់ពីម៉ូតូ ហើយម៉ូតូក៏បោលចោលម្ចាស់តែម្តងទៅ។
ជាក់ស្តែង តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញ នៅចំណុចមួយនោះ អ្នកជិះបានធ្លាក់ពីម៉ូតូស្តែងៗ ហើយដោយសារម៉ូតូនៅរក្សាលំនឹងល្បឿន ក៏បានបន្តរត់លើដងផ្លូវ និងទីបំផុត អស់ល្បឿន ក៏បោលកាច់ចូលផ្ទះការ៉ាស់សាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តែយ៉ាងណា ករណីនេះ គេក៏ពុំដឹងថា អ្នកជិះម៉ូតូនោះរងរបួសធ្ងន់ ឬយ៉ាងណានោះទេ ខណៈអ្នកខ្លះមើលឃើញថា មនុស្សរមៀលចូលក្រោមឡាន រីឯណាអ្នកខ្លះទៀតប្រកែកថា មនុស្សមិនចូលក្រោមឡានទេ គឺនៅដេកដួលចិញ្ចើមថ្នល់សោះហ្នឹង។
ចំពោះមូលហេតុ និងទីកន្លែងកើតហេតុ ប្រភពចែករំលែក ពុំបានបញ្ជាក់ប្រាប់ឲ្យដឹងនោះទេ ដោយគ្រាន់តែភ្ជាប់ Caption លេងសើចថា៖ «ស្ដែងៗ ម៉ូតូគ្មានមនុស្សជិះ ខ្មោចលងទាំងព្រឹកតែម្ដង…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







