កំពង់ចាម ៖ ក្រសួងធនធានទឹក និងឧត្តុនិយមនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ការពារច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវច្រកខ្សាច់ (Geotextile Bags) និងរៀបប្រអប់ថ្ម (Gabion Boxes) ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម។
ឯកឧត្តមអគ្គនាយក និងក្រុមការងារបច្ចេកទេស បានពិនិត្យវាយតម្លៃលើទីតាំងគម្រោងការពារច្រាំងទន្លេមេគង្គសំខាន់ៗចំនួន ៣ រួមមាន៖
១) គម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤២០ម៉ែត្រ (ជំហានទី១) ដោយប្រើប្រាស់បាវច្រកខ្សាច់ (Geotextile Bags) ដែលមានប្រវែង ៨ម៉ែត្រ, ១០ម៉ែត្រ និង ១២ម៉ែត្រ តម្រៀបតាមបណ្តោយជម្រាលច្រាំងទន្លេចាប់ពី ៣ ទៅ ៧ស្រទាប់ ដើម្បីទប់ស្កាត់ការហូរច្រោះ និងការបាក់ដីច្រាំង។ បច្ចុប្បន្ន ការងារស្ថាបនានេះសម្រេចលទ្ធផលបាន ១០០%។
២) គម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែងសរុប ៦០០ម៉ែត្រ ដោយប្រើប្រាស់បាវច្រកខ្សាច់ (Geotextile Bags) ដែលមានប្រវែង ៨ម៉ែត្រ, ១០ម៉ែត្រ និង ១២ម៉ែត្រ តម្រៀបតាមជម្រាលច្រាំងទន្លេចាប់ពី ៣ ទៅ ៧ស្រទាប់ ព្រមទាំងរៀបប្រអប់ថ្ម (Gabion Boxes) បន្ថែមតាមបណ្តោយជម្រាលច្រាំងទន្លេ ដើម្បីការពារការហូរច្រោះ និងការបាក់ដីច្រាំង។ បច្ចុប្បន្ន ការងារស្ថាបនាសម្រេចលទ្ធផលបានប្រមាណ ៦០%។
៣) គម្រោងការពារច្រាំងព្រែកកុយ ស្ថិតក្នុងភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន ៤ទីតាំង សរុបប្រវែង ៤៦៥ ម៉ែត្រ ដោយប្រើប្រាស់ Gabion box ខ្ចប់ថ្ម និង Geotextile ក្រាលបាត និងការខួងសសរគ្រឹះ និងធ្នឹមបេតុង ច្រាំងព្រែកកុយ ការពារ ការហូរច្រោះដី ការបាក់ដីច្រាំងនិងតរភ្ជាប់ផ្លូវដើម្បីចរាចរណ៍ឡើងវិញ និងតាមការវាយតម្លៃ លទ្ធផលសម្រេចបានប្រមាណ ៥០%៕ រក្សាសិទ្ធដោយ៖សុទ្ធលី













