ក្រុងតូក្យូ៖នារសៀល ថ្ងៃ ទី ២៨ ខែមេសា ឆ្នាំ ២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី ភ្នំពេញបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដេីម្បី ពិភាក្សា លេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ “អនាគតនៃនគរូបនីយកម្មដោយផ្អែកលេី ភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ ” ដែលកម្មវិធីនេះដឹកនាំកិច្ចពិភាក្សាដោយ លោកជំទាវ យូរីកូ កូអុីកេ អភិបាលក្រុងតូក្យូ ។
ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការង រដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនេះ តម្រូវឱ្យអភិបាល ក្រុង ឬ តំណាងទីក្រុងដែលបានចូលរួមធ្វើការចែករំលែកបទពិសោធន៍អំពីស្ថានភាពក៏ដូចជា ការខិតខំ ប្រឹងប្រែង ដោះស្រាយគ្រោះមហន្តរាយរបស់ទីក្រុងខ្លួននិងចំណាប់អារម្មណ៍ទាក់ទង នឹងការរៀបចំវេទិកាកិច្ចប្រជុំកំពូល G-NETS នាពេលនេះ។ លោកស្រី អ្នកនាំពាក្យ បានបន្តថា សម្រាប់រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងតូក្យូ ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះ ដេីម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ នៃបណ្តាទីក្រុងនានា លេីសកលលោកបានជួបពិភាក្សាចែករំលែកនូវបទពិសោធន៍ និងស្វែងរកដំណោះស្រាយរួម ដេីម្បីអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាពនិងមានភាពធន់ ជាពិសេសអាចទប់ទល់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងវិបត្តិជាសកលដែលបង្កឡើងដោយគ្រោះ ធម្មជាតិនិងការបម្រែបម្រួលអាកាសធាតុ ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់នូវចំណេះ ដឹង និងបទពិសោធន៍ ដែល ទទួលបាន នាពេលនេះ ដេីម្បីបន្តធ្វេីការអភិវឌ្ឍនគរូបនីយកម្ម ទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត។
ជាមួយគ្នានេះដែរ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ ឯកឧត្ដម សេង វណ្ណៈ អភិបាលរង រាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ស្តីពី ភាពធន់និងការគ្រប់គ្រងគ្រោះមហន្ដរាយធម្មជាតិ របស់រដ្ឋបាលរាជធានីភ្នំពេញដោយ បានចែក រំលែកមេរៀននិងបទពិសោធន៍ ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការធ្វើឲ្យប្រសើរ ឡើងនូវអភិវឌ្ឍ នគរូបនីយកម្ម ទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត ។
ជាចុងបញ្ចប់ លោកជំទាវ យូរីកូ កូអុីកេ អភិបាល ក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំអនុម័ត និងឯកភាពលេីសេចក្តីព្រាងសេចក្ដី ថ្លែងការណ៍រួមស្តីពី “អនាគតនៃនគរូបនីយកម្ម ថ្មី ដោយផ្អែកលេីភាពធន់នឹង អាកាសធាតុ និងគ្រោះមហន្តរាយ ” ព្រមជាមួយនឹង ការធ្វើ សន្និសីទសារព័ត៌មានដេីម្បី ប្រកាសសេចក្ដីថ្លែងការណ៍រួមនេះផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី





















