ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ “មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។
ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនគ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីព្រឹក នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយមានការសម្តែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុន ល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយក្បាច់គុនកុងហ្វូ សៅលីង និងថៃដីរបស់ព្រះសង្ឃដែលនិមន្តមកពី វត្តសៅលីង ប្រទេសចិន។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីបន្តអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក៏ដូចជាផ្សព្វផ្សាយ ទេសចរណ៍វប្បធម៌ កម្ពុជា-ចិន ព្រមទាំងផ្សព្វផ្សាយអំពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងប្រជាពលរដ្ឋចិន។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់គ្រប់សមាគមទសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និង សាធារណជន មេត្តាចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានទូលំទូលាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
























