Monday, May 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំ ដែលគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារវីរយុទ្ធជន និងបងប្អូនជនភៀសសឹក

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំ ដែលគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារវីរយុទ្ធជន និងបងប្អូនជនភៀសសឹក៖

ទី១៖ «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នេះគឺជាប្រសាសន៍ក្រើនរម្លឹកជាប្រចាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅគ្រប់វេទិកាដែលសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព តាមបណ្តាខេត្តនានា។ ទន្ទឹមនឹងនោះ សម្ដេចក៏ក្រើនរម្លឹកឱ្យអាជ្ញាធរយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងលឿនរហ័ស ជាពិសេសត្រូវដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿននិងមានប្រសិទ្ធភាព តាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណាឡើយ។ សម្តេចក៏បានណែនាំឱ្យមន្ត្រីអាជ្ញាធរខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសត្រូវសន្សំសំចៃ និងកាត់បន្ថយការចំណាយមិនចាំបាច់នានា ខណៈដែលប្រេងឥន្ធនៈឡើងថ្លៃនៅលើទីផ្សារអន្តរជាតិ។

សម្តេចប្រមុខរដ្ឋស្តីទីក៏មិនដែលភ្លេចឡើយការក្រើនរម្លឹកឱ្យមន្ត្រីអាជ្ញាធរយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសានិងការចុះជួបសំណេះសំណាលជាមួយពួកគាត់តាមរយៈកម្មវិធីផ្សេងៗ។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋានឱ្យបានគង់វង្ស ដោយទប់ស្កាត់ការបំផ្លិចបំផ្លាញតាមគ្រប់រូបភាព។ និយាយជារួមសម្តេចតេជោចង់ឱ្យមន្ត្រីគ្រប់រូបចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

ទី២៖ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់និងបង្ក្រាបក្មេងទំនើង» នេះគឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពនិងសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ។ បទបញ្ជានេះធ្វើឡើងដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ដែលមានស្រាប់ចំពោះចំណាត់ការលើក្មេងទំនើងដែលចូលចិត្តបង្កការអូកឡុកក្នុងមូលដ្ឋានដើម្បីយកពួកគេទៅជួយការងារចាក់បេតុងបម្រើឱ្យការសាងសង់លេណដ្ឋាន ជួសជុល និងសេវាតម្រូវការផ្សេងៗនៅជួរមុខ តែមិនមែនយកពួកគេទៅធ្វើជាកងទ័ពទេ។

ទី៣៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពនិងវីរនគរបាលពលីក្នុងខេត្តព្រះវិហារ និងកំពង់ធំ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរយុទ្ធជន ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរយុទ្ធជនដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនឱ្យចូលរួមប្រយុទ្ធការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបាននាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត បាននិងកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ននិងអនាគត ដោយផ្តល់ជូនពួកគេនូវទីស្នាក់អាស្រ័យ ការគិតគូរអំពីស្ថានភាពបំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន មុខរបរចិញ្ចឹមជីវិត និងការផ្តល់ជូននូវអាហារូបករណ៍សម្រាប់កូនៗរបស់ពួកគេជាដើម។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានគិតគូរដល់បងប្អូនជនភៀសសឹកតាំងពីមុខរបរចិញ្ចឹមជីវិត និងបានរៀបចំផ្ទះបណ្តោះអាសន្នសម្រាប់ពួកគេស្នាក់អាស្រ័យ ហើយគ្រោងនឹងប្រគល់ជូនជនភៀសសឹកតែម្តងនៅពេលដែលពួកគាត់ត្រឡប់ទៅកាន់ទីលំនៅដើមវិញ ក្រោយពីដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូតរួចរាល់។
: ទី៤៖ កម្ពុជាពិតជាមានការសោកស្ដាយ ដែលភាគីថៃកំពុងពិចារណាដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001។ កម្ពុជាតែងតែផ្ដល់អាទិភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ជាង ២៥ឆ្នាំ កន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នាមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ជាក្របខណ្ឌទ្វេភាគីដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ការចូលជាធរមាននៃ MoU 2001 នេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចការសហប្រតិបត្តិការ និងសុឆន្ទៈទៅវិញទៅមក។

ដូច្នេះ ការដកខ្លួនដោយឯកតោភាគីចេញពី MoU 2001 គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាងពីរទសវត្សរ៍កន្លងមកនេះ។ ក្នុងករណីភាគីថៃដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេស យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះទេ។

សូមបញ្ជាក់ជូនថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×