Tuesday, May 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និង សិក្ខាសាលា ស្តីពី “ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា”

ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃ សភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិត នៅក្នុងសភា» នៅថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅ យ៉ាងរលូន និងទទួលបានជោគជ័យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃសភាកម្ពុជា សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie-APF) មកពី ១៥ ប្រទេស និងតំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (Organisation internationale de la Francophonie – OIF) ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងសភាប្រើភាសាបារាំង រួមទាំង វាគ្មិនជាតិ និងអន្តរជាតិ អង្គទូត ក្រសួង/ស្ថាប័នរដ្ឋ និងសហគមន៍បារាំង សរុបប្រមាណ ១៣៣ រូប។

សិក្ខាសាលាខាងលើ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័នសភា និងបាន វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បញ្ញាសិប្បនិម្មិត ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ តម្លាភាព និង ប្រជាធិបតេយ្យ នៃស្ថាប័នសភាប្រើភាសាបារាំង។ អង្គសិក្ខាសាលាក៏បានសង្កត់ធ្ងន់លើបញ្ហាប្រឈម ការគិតគូររួមគ្នា និងការទទួលខុសត្រូវខ្ពស់ជាងមុន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយជំរុញឱ្យ មានការធ្វើបរិវត្តកម្ម និងការរៀបចំបទដ្ឋានគតិយុត្តិឱ្យបានសមស្រប ប្រកបដោយនវានុវត្តន៍ និង បរិយាបន្ន។ សិក្ខាសាលា ក៏បានពិភាក្សាចែករំលែកចំណេះដឹង និងបទពិសោធ យ៉ាងផុលផុស ផ្តោតលើ ប្រធានបទគន្លឹះចំនួន ៤ រួមមាន ១) ការយល់ដឹងអំពីស្ថានភាពនិងកាលានុវត្តភាពនៃបញ្ញាសិប្បនិម្មិត, ២) តួនាទីរបស់សមាជិកសភាក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត, ៣) បទប្បញ្ញត្តិនិងក្របខ័ណ្ឌនីតិកម្ម នៃបញ្ញាសិប្បនិម្មិត, និង ៤) ការទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់កិច្ចការសភា។

ទន្ទឹមនឹងនេះ កិច្ចប្រជុំគណៈកម្មការនយោបាយ APF បានប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «តួនាទីរបស់សភាប្រើភាសាបារាំង ក្នុងការចូលរួមពង្រឹងសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។ នៅក្នុងសុន្ទរកថាបើក និងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំ គណៈកម្មការនយោបាយ APF ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិ កម្ពុជា APF បាន៖ (១) គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអន្តរសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ ពិភពលោក, (២)សង្កត់ធ្ងន់លើការលើកកម្ពស់សន្តិភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ, (៣) ជម្រាបជូនអង្គប្រជុំអំពីការពិតនៃការរំលោភបំពានបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសជិតខាង ដែលបានបង្កនូវវិនាសកម្មដ៏ធ្ងន់ធ្ងរ រួមមានការបាត់បង់អាយុជីវិតជនស៊ីវិល, ជនភៀសសឹករាប់សែននាក់ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌ពិភពលោក និង (៤) អំពាវនាវឱ្យសភា ទាំងអស់គាំទ្រ និងជំរុញការប្រើប្រាស់យន្តការការទូត ក៏ដូចជាការគោរពច្បាប់អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាស្ថិរភាពក្នុងតំបន់និងសកលលោក។

ស្តែងចេញជាលទ្ធផល កិច្ចប្រជុំបានអនុម័តសេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំ គណៈកម្មការនយោបាយ កាលពីខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស និងបានគាំទ្រជាឯកច្ឆន្ទលើ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើដោយក្រុម សភាជាតិកម្ពុជា ។ អង្គប្រជុំ ក៏បានពិនិត្យនិងពិភាក្សាលើ (១) តួនាទីរបស់សភាប្រើភាសាបារាំងក្នុងការ ពង្រឹងស្ថិរភាពក្នុងតំបន់ និងសកលលោក និងដាក់ចេញនូវអនុសាសន៍ដើម្បីប្រែក្លាយសន្តិភាពជាកម្លាំង ចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, (២) ស្ថានភាពនយោបាយក្នុងបណ្តាប្រទេសប្រើ ភាសាបារាំង និងបច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ និង (៣) សេចក្តីព្រាងរបាយការណ៍ យុទ្ធសាស្ត្រ ពាក់ព័ន្ធដំណើរការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ការប្រយុទ្ធប្រឆាំងនឹងអំពើទារុណកម្ម និងបញ្ហាសិទ្ធិមនុស្ស។ ក្រុមសភាជាតិកម្ពុជានៃAPF ក៏បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមលក្ខណៈ រួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅទីក្រុងភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ ២០២៦ ជាពិសេស ក្នុងការទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈប្រតិភូនៃអង្គការ ហ្វ្រង់កូហ្វូនី ពីគ្រប់ទ្វីបនៃពិភពលោក។

ក្នុងឱកាសស្នាក់នៅខេត្តសៀមរាប គណៈប្រតិភូទាំងអស់ បានអញ្ជើញទស្សនាសារមន្ទីរ តេជោសន្តិភាព នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន និងប្រាសាទអង្គរវត្តផងដែរ។

ជាការកត់សម្គាល់ ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ខាងលើរបស់ក្រុមសភាជាតិកម្ពុជា APF បានបញ្ជាក់យ៉ាងច្បាស់អំពី (១)តួនាទីដ៏សកម្មរបស់កម្ពុជាក្នុងនាមជាសមាជិកគ្រួសារហ្វ្រង់កូហ្វូនី រួមគ្នា លើកកម្ពស់ការងារ និងតួនាទីរបស់សភាប្រើភាសាបារាំង និងអង្គការសភាហ្វ្រង់កូហ្វូនី ឱ្យកាន់តែមាន ប្រសិទ្ធភាព និងពាក់ព័ន្ធខ្លាំងឡើង ក្នុងបរិបទពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងមិន ប្រាកដប្រជា, (២)ភាពធន់របស់កម្ពុជា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ រក្សាគោលនយោបាយបើកចំហ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និង (៣) ការជួយរួម ចំណែកជំរុញសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការបង្ហាញពីសក្តានុពលវប្បធម៌ ដ៏អស្ចារ្យរបស់ខេត្តសៀមរាបដល់ប្រតិភូអន្តរជាតិ។រក្សាសិទ្ធដោយ៖សុទ្ធលី

×