Tuesday, May 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជាបានជូនដំណឹងដល់សភាអឺរ៉ុបអំពី ការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដែលមានសារៈសំខាន់សម្រាប់ការធានាបាននូវសន្តិសុខសមុទ្រ

អគ្គលេខាធិការដ្ឋានរដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុបលើកទី៥។

តបតាមការអញ្ជើញរបស់សភាអឺរ៉ុប និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅសភាអឺរ៉ុប និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុបលើកទី៥ ជាមួយ ឯកឧត្តម Wouter Beke ប្រធានប្រតិភូសភាអឺរ៉ុបសម្រាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី និងអាស៊ាន (DASE) កាលពីថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងស្រាសបួរ ប្រទេសបារាំង។ ក្នុងនោះភាគីកម្ពុជាមានការចូលរួមពី ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុប និងភាគីសភាអឺរ៉ុបមានការចូលរួមពីសំណាក់សមាជិកសភាអឺរ៉ុប តំណាងមកពីក្រុមគណបក្សធំៗក្នុងសភាអឺរ៉ុប។ កិច្ចប្រជុំសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១. រដ្ឋសភាកម្ពុជាសម្តែងនូវការដឹងគុណ ចំពោះការចូលរួមចំណែកយ៉ាងសំខាន់របស់សហភាពអឺរ៉ុប ក្នុងនាមជាដៃគូសហប្រតិបត្តិការដោយបានរួមចំណែកដល់ការកសាងច្បាប់ ការកសាងសមត្ថភាពស្ថាប័ននីតិ ប្បញ្ញត្តិ ការផ្តល់ហិរញ្ញប្បទានឥតសំណងនិងឥណទានសម្បទាន ដើម្បីការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្តល់ជំនួយឧបត្ថម្ភហិរញ្ញវត្ថុក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំនួយមនុស្សធម៌សម្រាប់ប្រជាជន ភៀសសឹកនៅក្នុងជម្លោះកម្ពុជា-ថៃ។

២. ភាគីទាំងពីរបានបន្តពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន ស្ថានភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការនាពេលអនាគតលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ គម្រោងអភិវឌ្ឍន៍ សភាពការណ៍តំបន់និងពិភពលោក និងសិទ្ធិមនុស្ស។ សភាអឺរ៉ុប បានគូសបញ្ជាក់ថាកម្ពុជាជាដៃគូដ៏មានតម្លៃ របស់សហភាពអឺរ៉ុប និងជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានផងដែរ។ សភាអឺរ៉ុបបន្តគាំទ្រកម្ពុជាលើដំណើរការអភិវឌ្ឍន៍ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍបៃតង ការជំរុញ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ពិសេសជំរុញការវិនិយោគស្របតាមយុទ្ធសាស្ត្រ ច្រកសកលរបស់ សហភាពអឺរ៉ុប (EU’s Global Gateway)។

៣. ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពតំបន់ និងសកលលោក ហើយបានយល់ស្របពី ភាពចាំបាច់នៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចការពារច្បាប់អន្តរជាតិ ពាណិជ្ជកម្មបើកចំហ រួមគ្នា បន្តគាំទ្រនូវពហុភាគីនិយម និងប្រើប្រាស់ការសន្ទនាដើម្បីដោះស្រាយជម្លោះ និងបញ្ហាប្រឈមនានា។ សភា អឺរ៉ុប ក៏បានសម្តែងការសោកស្តាយ និងព្រួយបារម្ភចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបានអំពាវនាវឱ្យដោះ ស្រាយជម្លោះដោយសន្តិវិធី ការទូតនិងការចរចា ដោយគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា ដែលមាន ស្រាប់រវាងប្រទេសទាំងពីរ ចៀសវាងការប្រើប្រាស់កម្លាំងយោធា។

៤. រដ្ឋសភាកម្ពុជាក៏បានជូនដំណឹងភាគីមិត្តអំពី ការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដែលមានសារៈសំខាន់សម្រាប់ការធានាបាននូវសន្តិសុខសមុទ្រ ការគោរពបាននូវ សេរីភាពនាវាចរណ៍និងសុវត្ថិភាពនាវិកស្របតាមច្បាប់អន្តរជាតិ។ សភាកម្ពុជាបានអំពាវនាវទៅភាគីអឺរ៉ុបបន្ត ចូលរួមជួយផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការអនុវត្តនីតិសមុទ្រឆ្លើយតបចំពោះ កំពង់ផែនិងនាវា ការប្រឈមរបស់ពិភពលោក។

៥. ក្នុងជំនួបពិភាក្សាការងារជាមួយអនុគណៈកម្មការសិទ្ធិមនុស្ស ដឹកនាំដោយលោកជំទាវអនុប្រធាន Marta Temido ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការរីកចម្រើនជាដំណាក់កាលៗនៃដំណើរការកសាង លទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះ សភាអឺរ៉ុបក៏បានស្តាប់នូវការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដែលជាកង្វល់រួម និងទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ ភាគីមិត្តបានវាយតម្លៃខ្ពស់ចំពោះសភានិងរាជរដ្ឋាភិបាលកម្ពុជាដែលបាន អនុម័ត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងចាត់ចែងអនុវត្តច្បាប់យ៉ាងសកម្មដោយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

៦. ក្នុងជំនួបជាមួយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិដឹកនាំដោយឯកឧត្តម Luliu Winkler ភាគី ទាំងពីរសម្តែងការពេញចិត្តចំពោះទំហំពាណិជ្ជកម្មដែលសម្រេចបានជាង ៥,៨ ប៊ីលានដុល្លាអាម៉េរិក នៅឆ្នាំ ២០២៥ កើនឡើងលើសពី១០,២%។ ភាគីទាំងពីរបន្តខិតខំចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគឱ្យកាន់តែសកម្ម ជាពិសេសបន្តពិភាក្សាលើលទ្ធភាពនៃការផ្លាស់ប្តូរពាណិជ្ជកម្មបន្ទាប់ពីកម្ពុជាចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

៧. សភាអឺរ៉ុបបានថ្លែងអំណរគុណចំពោះសភាកម្ពុជា ដែលទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកម្រិត ទ្វេភាគីនៃអន្តរសភាកម្ពុជា-សហភាពអឺរ៉ុប ដែលជាការរៀបចំនៅក្នុងសភាអឺរ៉ុបជាលើកទី១។ កិច្ចប្រជុំអន្តរសភា ទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប លើកទី៦ នឹងគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពូនជ្រុំនូវ ទំនាក់ទំនងទ្វេភាគីប្រកបដោយគុណតម្លៃ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។រក្សាសិទ្ធដោយ៖សុទ្ធលី

×