លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖នារសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្ម នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ សូមបញ្ជាក់ផងដែរថា ការអញ្ជើញមកដល់របស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន និងនាយទាហានចំនួន ០៣រូបផ្សេងទៀត នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន មកកាន់កម្ពុជានាថ្ងៃនេះ បន្ទាប់ពីការផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំពីប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីន ក្រោមអធិបតីភាពរបស់អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ម៉ាឡេស៊ី-ហ្វីលីពីនកន្លងទៅថ្មីៗនេះ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី អនុលោមតាមស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT៕ រក្សាសិទ្ធដោយ៖សុទ្ធលី









