ភ្នំពេញ ៖ នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand R. Marcos Jr) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ប្រព្រឹត្តទៅក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា”។ កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្ដេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨។ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្ដេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម ផងដែរ។
ឯកឧត្តម បានបន្ថែមថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជីញអមដំណើរ សម្ដេចបធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាឱកាសនេះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា
ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៕០២៦ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



