រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម Anwar Ibrahim បានបង្ហាញនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី សាជាថ្មីម្ដងទៀត ដោយឯកឧត្តមបានបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងឯកឧត្តមនិងសម្ដេចធិបតី ឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងម៉ាឡេស៊ី និង កម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តម Anwar Ibrahim បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីការប្ដេជ្ញាបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន ទូលំទូលាយ និង រឹងមាំបន្ថែមទៀត ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តម Anwar Ibrahim ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ចំនួន ២ លើក, ២៨ កក្កដា និង ២៧ ធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតី បានគូសបញ្ជាក់ថា តួនាទីរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់រដ្ឋជាសមាជិកអាស៊ាន ដែលបានបំពេញតួនាទីដ៏សំខាន់ ក្នុងការធានាស្ថិរភាព វិបុលភាព និងចីរភាព នៅក្នុងតំបន់អាស៊ាន។ បន្ថែមលើនេះ, សម្ដេចធិបតី ក៏បានពិភាក្សាជាមួយឯកឧត្តម Anwar Ibrahim អំពីការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស ការផ្ដោតលើឧស្សាហកម្មហាឡាល់ (Halal Industry) ដែលជាឧស្សាហកម្មមួយមានសក្ដានុពលខ្ពស់ចំពោះកម្ពុជា ក្នុងកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្រកម្ពុជា និងបានបញ្ជូនអ្នកបច្ចេកទេសផ្នែកអាហារហាឡាល់មកកាន់កម្ពុជា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង វេទិកាគាំទ្រ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានសិទ្ធិក្នុងការនាំចេញអាហារហាឡាល់។
មុននឹងបញ្ចប់, ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាស្ថិរភាព និង សន្តិភាព ក្នុងតំបន់ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី លើវិស័យការពារជាតិ និងសន្តិសុខ។ រក្សាសិទ្ធដោយ៖សុទ្ធលី









