Friday, May 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។
 
ក្នុងឱកាសនៃជំនួប, លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានគោរពជម្រាបជូនសម្តេចធិបតីអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) តាមរយៈការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពធុរកិច្ចនានាប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ បន្ថែមលើនេះ, លោកប្រធាន ក៏បានជម្រាបជូន សម្តេចធិបតី អំពីផែនការបន្តពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការអាជីវកម្ម រវាងសភាពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចធុរកិច្ច កាន់តែសកម្មបន្ថែមទៀត។ លោកប្រធានបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកំណើនទ្វេដងនៃទំហំពាណិជ្ជកម្ម ហ្វីលីពីន-កម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦។ លោកប្រធានបានគោរពជម្រាបជូនសម្ដេចធិបតីថា នៅក្នុងឆ្នាំ២០២៦ នេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត។ លោកប្រធាន ក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលសំខាន់ៗមួយចំនួន រួមមាន៖ វិស័យវេចខ្ចប់ និងការកែច្នៃចំណីអាហារ, វិស័យកសិ-ទេសចរណ៍, និងវិស័យអាកាសចរណ៍ ជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាដើម។ លោកប្រធាន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបង្កើតនូវសកម្មភាពធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មប្រកបដោយថាមវ័ន្តបន្ថែមទៀត រវាងប្រទេសទាំងពីរ។
 
ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពថ្មីៗទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច​ ក្នុងការគាំទ្រទៅដល់វិស័យឯកជន។ ពាក់ព័ន្ធទៅនឹងវិស័យកសិ-ទេសចរណ៍, សម្ដេចធិបតីបានគូសបញ្ជាក់អំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាកាលានុវត្តភាពដែលប្រទេសទាំងពីរអាចចាប់យកក្នុងការតភ្ជាប់វិស័យកសិ-ទេសចរណ៍ជាមួយគ្នា តាមរយៈការតភ្ជាប់ទីផ្សារទេសចរណ៍ជាមួយគ្នា រវាងកោះសេប៊ូ និងខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុ។ ក្នុងន័យនេះ, សម្ដេចធិបតីលើកទឹកចិត្តឱ្យកោះសេប៊ូបន្តពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំឱ្យមានជើងហោះហើរត្រង់រវាងកោះសេប៊ូ និងខេត្តសៀមរាប។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ ក៏ដូចជាការថែរក្សាបរិស្ថានវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់, ភាពទាក់ទាញ និង សុខសុវត្ថិភាព។

ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីស្វែងរក កាលានុវត្តភាពថ្មីៗ ក្នុងការពង្រីកការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×