ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធាដែលរាជរដ្ឋាភិបាលរៀបចំឡើងជាថ្មីនេះ ផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ ។
ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា ។
សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែង និងឈរលើច្បាប់ដែលកំពុងមានជាធរមានដែលត្រូវប្រកាសឱ្យប្រើថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយបានគោរស្នើសុំពីរដ្ឋសភាដ៏ឧត្តុងឧត្តមនាពេលនេះ ។
សម្តេចធិបតី រំលឹកថា ដោយសារកន្លងមក កម្ពុជាមិនទាន់មានតម្រូវការផ្នែកកងទ័ព ហើយត្រូវកាត់រំសាយកងទ័ព ដើម្បីបង្វែថវិកាមកពង្រឹងសេដ្ឋកិច្ចជាតិ ទើបនាពេលនោះច្បាប់កាតព្វកិច្ចយោធាត្រូវផ្អាកសិន ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា សន្តិភាពកម្ពុជាមិនត្រូវការសុំក្តីអង្វរពីគេនោះទេ ព្រោះជាក់ស្តែងបទពិសោធនមួយឆ្នាំមកនេះ កម្ពុជាបានជួបប្រទះហើយ ។ ដូច្នេះគ្មានអ្នកណាម្នាក់មកជួយកម្ពុជាទាំងស្រុងក្រៅពីកម្ពុជាខ្លួនឯងនោះទេ ។ ហេតុនេះ ការអនុវត្តច្បាប់កាតព្វកិច្ចយោធាគឺជារឿងសំខាន់ និងចាំបាច់សម្រាប់កម្ពុជាទាំងមូល ។
សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ច្បាប់នេះមិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការកសាងកំលាំងទ័ពសម្រាប់ការពារជាតិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកំលាំងពលរដ្ឋប្រកបដោយវិន័យ សមត្ថភាពឆន្ទៈ បម្រើសង្គមជាតិដែលជាប្រភពនៃកំលាំងត្រៀមបំរុង និងជាធនធានដ៏រឹងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







