Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវឲ្យ បងប្អូនអតីតយុទ្ធជន និងនិវត្តជន សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តមនិងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ

ភ្នំពេញ ៖ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។ សម្តេចនាយករដ្ឋមន្រ្តី​ បានមានប្រសាសន៍ថា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីត យុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ អនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវា អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែក យ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រ កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។

សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិឃុបឃិតជាមួយបរទេស បានបណ្តាលឱ្យមានវិនាសកម្មនិងបង្កើត ឱ្យមានរបបប្រល័យពូជសាសន៍ ប៉ុលពត ព្រមទាំងបានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុង បានបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជន ពលីមរណៈជាច្រើន។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ប៉ុន្តែថ្មីៗនេះ សកម្មភាពខុសច្បាប់របស់ កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចូលហួសខ្សែបន្ទាត់ព្រំដែន ដោយបាន បើកប្រតិបត្តិការវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងក្នុងទឹកដីកម្ពុជាដោយយោធា ដែលបានគិតទុកជាមុន សកម្មភាពយោធា និងជាប្រព័ន្ធមកលើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ថៃប្រកបដោយអរិភាពនៅតាមបណ្តោយព្រំដែននិងនៅក្នុងទឹកដីកម្ពុជា បានវាយកម្ទេចសំណង់ស៊ីវិល ផ្ទះសម្បែង របស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយបន្តបិទសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាច្រើនមិនឱ្យត្រឡប់ទៅ លំនៅឋានវិញ គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្ត ទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់យុទ្ធជនពលី ប្រជាជនស្លូតត្រង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ទាំងតាមរយៈ ព្រឹត្តិការណ៍ដែលបានកើតឡើងពីអតីតកាលក៏ដូចជាបច្ចុប្បន្ន។ គ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាជនទូទៅ បានបង្ហាញ នូវសាមគ្គីភាពជាធ្លុងមួយក្នុងការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈនិងស្មារតីដល់វីរៈកងទ័ពនិងជនភៀសសឹក និងបាន ផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ រួមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី បងប្អូន អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ជាទីស្នេហារបស់យើងនៅគ្រប់ដំណាក់កាល។ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងគ្រប់ប្រភេទនៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិដែលបាននិងកំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិនិងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នៅគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលក្នុងនោះ ការអភិវឌ្ឍ វិស័យសង្គមកិច្ចស្ថិតនៅក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្រ : ការអភិវឌ្ឍមូលធនមនុស្ស ក្នុងមុំទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង មានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាងនិងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំនិងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធ ស្បៀងដែលផ្តល់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឈរលើស្មារតី មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រម ចំនួន៤ គឺ (១)- ចីរភាពនៃកម្មវិធី (២)- លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ (៣)- ការធានាបរិយាបន្ន និង សមធម៌សង្គមដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និង (៤)- ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងតែផ្តល់ការគាំទ្រដល់អតីតយុទ្ធជន អតីតមន្ត្រីរាជាការស៊ីវិល និងគ្រួសារជនពលីមរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលជាតិនិងអន្តរជាតិ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជន ពលីមរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូន។ គ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទឹកចិត្តនិងកាយវិការដ៏សប្បុរសនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីនៃការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ

ក្នុងឱកាសខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវដូចតទៅ៖

១- បងប្អូនអតីតយុទ្ធជន និងនិវត្តជន សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តមនិងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាលនិងប្រជាជនទូទាំងប្រទេសពិតជាចងចាំ ជានិច្ចនូវការលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនគ្រប់រូប ចំពោះជាតិមាតុភូមិ ជាទីស្នេហានៃយើង។

២- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន និវត្តជននៅតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ និងកំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និងលើកទឹកចិត្តដល់អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់។

៣- ក្រសួងព័ត៌មានត្រូវណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងឯកជនផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធនឹង វិស័យអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលឱ្យសាធារណជនជាតិនិងអន្តរជាតិបានយល់ដឹងជ្រួតជ្រាបកាន់តែ ទូលំទូលាយបន្ថែមទៀត។

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អនិងមានប្រសិទ្ធភាពនូវ ការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជន និវត្តជន និងការផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួង ត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារដែលក្រីក្រ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។

៥- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួម ក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភ គាំទ្រដល់គ្រួសារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ដែលកំពុងជួបប្រទះការលំបាក។
៧- សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគម តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជន និងនិវត្តជន នៅក្នុងសង្គមជាតិ និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង៣ពូកែ (ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ ការអភិវឌ្ឍសហគមន៍និងសង្គមជាតិពូកែ) ដើម្បីជាប្រយោជន៍ដល់បងប្អូននិងប្រទេសជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×