ភ្នំពេញ ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
ភាគីទាំងពីរបានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


