Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែនធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែននិងឱ្យមានភាពរឹងមាំ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនូវក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន
បានសម្ដែងនូវក្តីរីករាយ និងចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត
មកកាន់ប្រទេសកម្ពុជានៅពេលនេះថាជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ និងនិយាយដោយឡែកនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្សឱ្យកាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះឯកឧត្តមប្រធានគណៈឃោសនានិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ឯកឧត្តមបានលើកឡើងថាកម្ពុជា និងវៀតណាមមានទំនាក់ទំនងដ៏រឹងមាំគ្នា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ បន្ថែមពីលើនេះឯកឧត្តមបានលើកឡើងថាកន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើនរវាង
ប្រទេសទាំងពីរទៅវិញទៅមក ដែលបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ ហើយនៅក្នុងឆ្នាំ២០២៧ខាងមុខនេះ គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយភាគីទាំងពីរនឹងរៀបចំពិធីអបអរសាទរនៃការរំលឹកខួបនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ បន្ថែមពីលើនេះឯកឧត្តមក៏បានរំលេចដែរថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមនៅតាមព្រំដែនគឺជាកិច្ចការដ៏ល្អដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នាដោយរក្សាបាននូវសន្តិសុខ សន្តិភាព នៅតាមព្រំដែនយ៉ាងរឹងមាំ ហើយបន្តនូវកិច្ចការនេះបន្តទៀតឱ្យកាន់តែមានភាពឋិតថេរជាពិសេសគឺសំដៅទៅលើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ នៃកិច្ចសហការនៅតាមព្រំដែនដែលសម្ដេចតេជោបានលើកឡើងថា កន្លងមកកម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែនធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែននិងឱ្យមានភាពរឹងមាំជាពិសេសគឺការសម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងវៀតណាមនៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឡើងដល់២០ ពាន់លានដុល្លារនៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញា
ជាមួយគ្នា ហើយ២០ ពាន់លានដុល្លារនេះគឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដែលទំហំពាណិជ្ជកម្ម កាលពីឆ្នាំ ២០២៥កន្លងទៅ រវាងប្រទេសទាំងពីរកើនឡើងដល់១១ ពាន់លានដុល្លារអាមេរិក ដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មនេះឱ្យកាន់តែមានការកើនឡើងបន្តទៀត។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានរំលេចបន្ថែមទៀតដែរទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ រវាងយុវជននិងយុវជននៃប្រទេសទាំងពីរដែលធ្វើឱ្យយុវជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្តទៀត។

នៅក្នុងឱកាសនោះឯកឧត្តមសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ត
វៀតណាមបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងទៅនឹងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ ឯកឧត្តមបានលើកឡើងថាកម្ពុជា និងវៀតណាមប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម២០ ពាន់លានដុល្លារនៅពេលខាងមុខ។
ជាចុងក្រោយ សម្ដេចតេជោហ៊ុន សែន បានជូនពរឱ្យឯកឧត្តម និងគណៈប្រតិភូបានទទួលបានជោគជ័យនៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×