ឯកឧត្តម ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមថ្លែងនៅក្នុងវេទិកាត្រួតពិនិត្យឡើងវិញនៃទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) លើកទី២ ដែលត្រូវបានរៀបចំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះ។
ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមអគ្គទីប្រឹក្សាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ (GCM) ដើម្បីផ្តល់ជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ជនចំណាកស្រុក និងសង្គម តាមរយៈផែនការអនុវត្តថ្នាក់ជាតិឆ្នាំ២០២៤-២០២៦។
ឯកឧត្តមអគ្គទីប្រឹក្សាក៏បានគូសបញ្ជាក់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល រួមទាំងការអនុម័តច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាពេលថ្មីៗនេះ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនដែលមានការវិវត្ត ហើយក៏បានបញ្ជាក់ថា កម្ពុជាសូមបដិសេធរាល់ការប៉ុនប៉នប្រើប្រាស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជាលេសសម្រាប់ការរំលោភបំពានឬការឈ្លានពានទឹកដី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



