Friday, May 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី៖ “ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា» គឺដើម្បីលើកតម្កើងវីរភាព ដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនោះ សម្តេចបវរធិបតី បានពាំនាំនូវក្តីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដោយក្តីស្រឡាញ់រាប់អាន និងនឹករលឹក។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវការគោរពវិញ្ញាណក្ខន្ធ និងការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងនិវត្តជន ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុ ជាតិមាតុភូមិ នាពេលអតី នាពេលអតីតកាល និងបច្ចុប្បន្ន។ សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាច និង គុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដើម្បីឆ្លើយតបនឹងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ សម្តេចធិបតី បានបន្ថែមថា ជាទិដ្ឋភាពរួម ទិវានេះនឹង ធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីអតីតយុទ្ធជន និងនិវត្តជន, បំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន, លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជន ក្នុងសង្គមជាតិ, ជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស ក្នុងស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយគុណភាព ឧត្តមគតិមោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។

បន្ថែមពីនេះ, សម្តេចធិបតី បានគូសបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ និងធ្វើឱ្យខ្មែរឈប់ការកាប់សម្លាប់គ្នា និងរួបរួមគ្នា។ ការកសាងវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ» គឺសម្រាប់ជានិមិត្តរូប នៃការរំលឹកដល់ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះគ្រប់ភាគី ទាំងអស់ ដែលរួមបញ្ចូលទាំងថ្នាក់ដឹកនាំ យោធិន អតីតយុទ្ធជន និវត្តជន និងប្រជាជនខ្មែរ ដែលបានលះបង់ ក្នុងបុព្វហេតុសន្តិភាព និងសម្រាប់កត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ជាតិ តាមរយៈផ្ទាំងចម្លាក់ ជាក់ស្តែងតាមជញ្ជាំង នៃវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ»។ បន្ថែមពីនេះ សម្តេចធិបតី បានណែនាំ ឱ្យរៀបចំការធ្លាក់បន្ថែមនូវទិដ្ឋភាពសង្គ្រាមការពារអធិបតេយ្យភាពជាតិ ក្នុងឆ្នាំ២០២៥ ដើម្បីរក្សាទុកជាមរតក ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ដែលការរៀបចំចម្លាក់ថ្មីនេះ នឹងត្រូវផ្តោតសំខាន់លើខ្លឹមសារចំនួន ៣ ទិដ្ឋភាព រួមមាន៖ ទី១. ការឈឺចាប់ នៃសង្គ្រាមឈ្លានពាន ដែលបង្កឱ្យមានការស្លាប់ របួស ដល់កងទ័ព ប្រជាជនស៊ីវិល និងជនភៀសសឹក, ទី២. ភាពអង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ក្នុងការប្រយុទ្ធការពារទឹកដី និងប្រជាជន និងទី៣.ចលនាមហាគ្រួសារខ្មែរ ដែលបានចូលរួមគាំទ្រដល់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ។ ទន្ទឹមនឹងនេះ, សម្តេចធិបតី ក៏បានជំរុញឱ្យមានការគិតគូររៀបចំ សាងសង់ស្ថូបអនុស្សាវរីយ៍សម្រាប់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថដែលបានពលី ព្រមទាំងរៀបចំ មេដាយពិសេសសម្រាប់អ្នកដែលចូលរួមក្នុងសមរភូមិផ្ទាល់ ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ដែលបានការពារបូរណភាពទឹកដី នៅសមរភូមិមុខ។

ក្នុងឱកាសនោះដែរ ពាក់ព័ន្ធនឹងជម្លោះព្រំដែន, សម្តេចធិបតី ក៏បានគូសបញ្ជាក់ជាថ្មីថា ទោះបីជាទ្វារ នៃការចរចាដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីនៅមានត្រឹមតែ១% ក៏កម្ពុជានៅជ្រើសរើសប្រើមធ្យោបាយនេះ ឱ្យអស់លទ្ធភាពដែរ ពីព្រោះតែប្រយុទ្ធគ្នា នឹងនាំឱ្យមានការស្លាប់ របួសទាហាន និងប្រជាជន ព្រមទាំងនាំឱ្យ មានការខ្ទេចខ្ទីផ្ទះសម្បែង ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា គឺ ១% នៃក្តីសង្ឃឹមក្នុងការចរចាដើម្បីដោះស្រាយ បញ្ចប់ជម្លោះដោយសន្តិវិធីក្នុងការការពារបូរណភាពទឹកដី ពុំមែនមានសង្ឃឹមត្រឹម១% ដើម្បីយកឈ្នះគេនោះទេ។ ផ្ទុយទៅវិញ ចំពោះព្រំដែនសមុទ្រវិញ កម្ពុជាត្រូវប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ក្រោមក្របខ័ណ្ឌ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដោយយុត្តិធម៌ និងស្មើភាព ដោយសារតែភាគីថៃ បានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ដែលមានន័យថា ថៃបានបិទទ្វារ នៃយន្តការទ្វេភាគីនេះហើយ។

បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីដំណោះស្រាយសម្រាប់ជនភៀសសឹក ដោយ សម្តេច គូសបញ្ជាក់ថា ការដោះស្រាយនេះ ត្រូវគិត ៣ចំណុច៖ ទី១. ការពារអាយុជីវិត, ទី២. ធ្វើឱ្យ ប្រសើរឡើងនូវស្ថានភាពជនភៀសសឹក, និងទី៣. ស្តារឡើងវិញនូវជីវភាពរបស់ជនភៀសសឹក។ សម្តេចធិបតី បានបញ្ជាក់យ៉ាងមុះមាំថា ការរៀបចំផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក របស់រាជរដ្ឋាភិបាលនេះ ពុំមែន មានន័យថា កម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីរបស់យើងនោះទេ គឺនៅតែបន្តទាមទារទឹកដីស្របច្បាប់របស់ យើងមកវិញ ដោយប្រើមធ្យោបាយសន្តិវិធី និងច្បាប់អន្តរជាតិ។

មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីការកែទម្រង់ និងទំនើបកម្មកងទ័ពថា ការកែទម្រង់ និងទំនើបកម្មកងទ័ពនាពេលនេះ គឺដើម្បីបង្កើនសមត្ថភាពការពារជាតិរយៈពេលវែង ទាំងគ្រឿងបំពាក់ និងការកែទម្រង់រចនាសម្ព័ន្ធ ក្នុងទិសដៅចុងក្រោយគឺ “បង្រួមក្បាល ពង្រីកខ្លួន”។ បន្ថែមពីនេះ ការកែទម្រង់នេះ នឹងត្រូវពង្រឹងអភិបាលកិច្ច ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងសមត្ថភាព នៃកងទ័ពយើង។ សម្តេចធិបតី បានបន្តថាការបើកប្រាក់បៀរវត្សជូនកងទ័ព នឹងធ្វើតាមប្រព័ន្ធធនាគារនាពេលខាងមុខ។ បន្ថែមពីនេះ, សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការពារជាតិ និង ក្រសួងសុខាភិបាល ពិនិត្យមើលតាមបណ្តាអង្គភាពសុខាភិបាលកងទ័ព ដើម្បីបង្កើនសមត្ថភាព បង្កើនថ្នាំ បង្កើនគុណភាព ក្នុងការផ្តល់សេវាដល់កងទ័ព និងព្យាបាលទាំងប្រជាពលរដ្ឋយើងនៅជិតអង្គភាពសុខាភិបាលនោះ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានអំពាវនាវដល់យុវជនដែលនឹងត្រូវចូលបំពេញកាតព្វកិច្ចយោធាថា សូមកុំចាត់ទុកថាការបំពេញកាតព្វកិច្ចយោធានេះជាបន្ទុក ឬការខាតបង់ពេលវេលា ប៉ុន្តែគឺជាឱកាសដ៏វិសេស វិសាលក្នុងការតបស្នងសងគុណមាតុភូមិ បណ្តុះមនសិការស្នេហាជាតិ និងត្រៀមលក្ខណៈលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិ និងទឹកដីដោយគ្មានលក្ខខណ្ឌ ដែលនេះគឺជាអត្ថន័យពិតប្រាកដនៃពាក្យថា “ស្នេហាជាតិ” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×