ខេត្តកំពង់ធំ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះបំពេញបេសកកម្មការងារនិងជួបពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយន្តការយុត្តិធម៌នៅមូលដ្ឋាន។
បេសកកម្មនេះ មានគោលបំណងចម្បងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពនៃការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងជំរុញគ្រប់អង្គភាពឱ្យអនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ជាធរមាន។
ឯកឧត្តមបានបន្ថែមថា ការចុះមកបំពេញការងាររបស់គណៈកម្មការទី៦នៃរដ្ឋសភា គឺជាកិច្ចសហការដ៏សំខាន់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីប្រមូលព័ត៌មានជុំវិញបញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា៖រដ្ឋបាលខេត្តបានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយផ្ដោតលើទិសដៅអាទិភាព រួមមាន៖ការបង្ក្រាបបទល្មើសគ្រឿងញៀន និងសកម្មភាពក្មេងទំនើង ដើម្បីបង្កើនភាពកក់ក្តៅជូនពលរដ្ឋ ការទប់ស្កាត់ការទន្ទ្រានធនធានធម្មជាតិ បទល្មើសព្រៃឈើ និងជលផលនិងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ចំណុចលេចធ្លោដែលខេត្តកំពង់ធំសម្រេចបាន គឺយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្ត្រអាទិភាពក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពល រដ្ឋ ក្នុងនោះបានដោះស្រាយវិវាទដែលកើតមានឡើងបានរហូតដល់ ៧០%។ចំពោះករណីនៅសេសសល់ ៣០% រដ្ឋបាលខេត្តកំពុងបន្តនីតិវិធីដោះស្រាយយ៉ាងសកម្ម ដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នតុលាការ។
ក្រោយពីស្ដាប់របាយការណ៍របស់អភិបាលខេត្ត ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងអនុវត្តច្បាប់បានយ៉ាងល្អប្រសើរ។ ជាពិសេស លទ្ធផលនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលបានជួយផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស មានតម្លាភាពនិងនៅជិតមូលដ្ឋានបំផុត។
បេសកកម្មនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីធានាសុខសន្តិភាពនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី












