នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនោះ សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលដ៏ស្តឹមស្កៃថ្មីសន្លាងនេះ ដែលស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។ សមិទ្ធផលដ៏ធំធេងនេះ គឺបានកើតឡើងពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងក្រុមហ៊ុនសាងសង់ក្នុងស្រុកដែលមានវិស្វករ និងស្ថាបត្យករភាគច្រើនសុទ្ធតែជាកូនខ្មែរ ដោយបានគិតគូរគ្រប់ជ្រុងជ្រោយទាំងសោភ័ណ្ឌភាព បច្ចេកវិទ្យាទំនើប និងមានសេវាកម្មជាច្រើនអាចបម្រើជូនដល់អតិថិជន។ សមិទ្ធផលនេះអាចសម្រេចបាន គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលមានភារកិច្ចបន្តថែរក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីនាំមកនូវវិបុលភាពរួមដល់ជាតិមាតុភូមិទាំងមូល ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់នូវបាវចនា ៥ គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវក្ដីសង្ឃឹម និងការចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងន័យនេះ ការកៀរគរប្រមូលចំណូលពន្ធ ទាំងផ្នែកពន្ធផ្ទៃក្នុងនិងពន្ធគយ គឺជារឿងចាំបាច់ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលក្នុងទសវត្សរ៍ចុងក្រោយនេះ ចំណូលពន្ធដារមានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់, ស្ពាន, អគារ, សាលារៀន, មន្ទីរពេទ្យ ព្រមទាំងកៀរគរទុនបម្រុងជាប្រាក់សន្សំសម្រាប់ប្រើប្រាស់ក្នុងការជម្នះរាល់បញ្ហាប្រឈម សម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការណ៍ក្នុងតំបន់និងសកលលោក សំដៅការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
សម្តេចធិបតីក៏បានគូសបញ្ជាក់ថា ស្របតាមបញ្ចកោណយុទ្ធសាស្ត្រទី ៣ ដែលផ្ដោតលើ «ការអភិវឌ្ឍវិស័យឯកជននិងការងារ» កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលត្រូវបានចាត់ទុកថាជា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ» ដោយបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រួលដល់ធុរកិច្ច ហើយអគ្គនាយកដ្ឋានពន្ធដារបានប្រឹងប្រែងអនុវត្តនិងសម្រេចបានរួចរាល់ទាំងស្រុងនូវវិធានការចំនួន ៥៦ ដែលជាវិធានការក្រោមសមត្ថកិច្ចរបស់ខ្លួន ពោលគឺបានសម្រេច ១០០% តាំងពីដំណាច់ឆ្នាំ២០២៤ មកម្ល៉េះ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម រហូតធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេក្នុងប្រទេស និងត្រូវបានជឿជាក់ ទទួលស្គាល់លើគុណភាពនិងជំនាញ ស្របតាមទិសស្លោកថា “ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច”។
សម្តេចធិបតីក៏បានថ្លែងផងដែរថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានវិវត្តខ្លួនយ៉ាងខ្លាំង តាមរយៈការកែទម្រង់មុតស្រួចនិងស៊ីជម្រៅ ដោយបាន (១). អនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការពង្រឹង “អភិបាលកិច្ចល្អ” (២). ការកែទម្រង់មុតស្រួចផ្នែកគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ រួមទាំងការកែទម្រង់ច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារ, (៣). ការកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស, (៤). ការកែទម្រង់និងធ្វើសាមញ្ញកម្មប្រព័ន្ធពន្ធដារ, (៥). ការចូលរួមកែលម្អនិងលើកកម្ពស់បរិយាកាសធុរកិច្ចតាមរយៈការកែសម្រួលនីតិវិធីដែលធ្លាប់មានភាពស្មុគស្មាញឱ្យមានភាពសាមញ្ញនិងងាយស្រួល ប្រកបដោយប្រសិទ្ធភាព និង (៦). ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងមុតស្រួច រហូតបានប្រែក្លាយរដ្ឋបាលសារពើពន្ធកម្ពុជាឱ្យទៅជារដ្ឋបាលសារពើពន្ធដែលមានលក្ខណៈទំនើប និងជាស្ថាប័នរដ្ឋដែលឈានមុខមួយក្នុងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
មុននឹងបញ្ចប់ សម្តេចធិបតីបានលើកឡើងអំពីការកែទម្រង់ស្ថាប័ន ដោយសម្តេចធិបតីបានគូសបញ្ជាក់នូវពាក្យស្លោកសម្ដេចតេជោ ដែលធ្លាប់បានលើកឡើងថា “កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់” ដែលពាក្យនេះមានអត្ថន័យនិងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ និងគ្រប់ក្រសួង-ស្ថាប័ន។ ការកែទម្រង់ដែលល្អ គឺត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយត្រូវកំណត់គោលដៅ និងលទ្ធផលជាគោល ហើយការកំណែទម្រង់រចនាសម្ព័ន្ធ ឬប្រព័ន្ធការងារនេះ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងកែសម្រួលឱ្យស្របតាមស្ថានភាព នៃការប្រែប្រួលពិភពលោក បច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្ស។ ជាក់ស្តែង ផ្អែកលើវិធានគន្លឹះនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ និងកំណែទម្រង់តាមបណ្តាក្រសួង-ស្ថាប័ន គិតមកដល់ពេលបច្ចុប្បន្ន មាន ១៦ ក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល ដោយគ្រោងនឹងកាត់បន្ថយ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន។ ទន្ទឹមនឹងការបណ្ដុះបណ្ដាលឡើងវិញ (retrain) និងការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់សក្តានុពល រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ (មន្ត្រីកុងត្រាបច្ចេកទេស) ដើម្បីយកធនធានពីក្រៅរាជរដ្ឋាភិបាល ឱ្យចូលទៅបំពេញការងារក្នុងក្រសួង-ស្ថាប័ន ក្នុងតួនាទីដែលចាំបាច់ ធានាប្រសិទ្ធភាពក្នុងការបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជាទីបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការបង្កើតអង្គភាពសវនកម្មពិសេស ដែលជាកម្មវិធីសាកល្បងមួយ ចំណុះឱ្យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនទំនុកទុកចិត្តរវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ ដោយប្រែក្លាយផ្នត់គំនិតអ្នកជាប់ពន្ធ កុំឱ្យគិតថា “អ្នកបង់ពន្ធគឺជាអ្នកជាប់ទោស ឬជាអ្នកមានកំហុស ហើយអ្នកប្រមូលពន្ធគឺជាអ្នកចាប់កំហុស” ។ បន្ថែមពីនេះ ទីភ្នាក់ងារផ្ដល់សេវាកម្មពន្ធដារ អង្គភាពពន្ធដារ និងអ្នកជាប់ពន្ធ ត្រូវយល់ពីគ្នាឱ្យច្បាស់តាមគោលការណ៍ច្បាប់ និងពន្ធដារ ជាពិសេស ទីភ្នាក់ងារសេវាកម្មពន្ធដារត្រូវប្រកាន់នូវខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថលបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព គណនេយ្យភាព និងភាពប៉ាន់ប្រមាណបាន (Predictability) ព្រមជាមួយគ្នានេះ មន្ត្រីពន្ធដារ, ក្រុមហ៊ុន/សហគ្រាស, និងភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវគោរពគោលការណ៍ច្បាប់ និងប្រកាន់ភ្ជាប់ក្រមសីលធ៌មវិជ្ជាជីវៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


























