ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជាបានចេញសេចក្ដីណែនាំ ស្តីពី
ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
ក្នុងក្របខ័ណ្ឌនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរលេខ០៨ សរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន សារាចរលេខ០៥ សរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ និង សេចក្ដីណែនាំលេខ០១ សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគ មុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដើម្បីពង្រឹងសមត្ថភាពរបស់ក្រសួង ស្ថាប័នក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ដើម្បីធានាដល់ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ស្របតាមអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ព្រមទាំងរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖
១- ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី
១.១- គោលការណ៍រួម
១.១.១- ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែល ទៅតាមរចនាសម្ព័ន្ធថ្មី ត្រូវតែងតាំងតែមន្ត្រីរាជការស៊ីវិលទាំងឡាយណាដែលបាននិងកំពុង
កាន់មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលដែលមានស្រាប់ លើកលែង រចនាសម្ព័ន្ធថ្មីត្រូវការចាំបាច់នូវមន្ត្រីរាជការស៊ីវិលដែលមានគុណសម្បត្តិស័ក្តិសម ស្របតាមតម្រូវការរបស់អង្គភាពថ្មី។រក្សាសិទ្ធដោយ៖សុទ្ធលី







