កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលស្រុកទឹកផុស ចាត់តាំងលោក ឡុច វណ្ណនីន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងលោក សេង សុខា អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក រួមជាមួយអាជ្ញាធរឃុំ ភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងក្រសាំង ចុះណែនាំអប់រំ និងធ្វើកិច្ចសន្យា ដល់លោក ផុន កុម្ភៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្រូខ្មែរញាណផ្លូវក្នុង ។
លោក ផុន កុម្ភៈ មានទីលំនៅនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយបានចាប់ផ្តើមអាជីពនេះ តាំងពីឆ្នាំ២០២៤។ ការចុះណែនាំនេះ ធ្វើឡើងដើម្បីឲ្យបញ្ឈប់សកម្មភាពមើលអ្នកជំងឺតាមបណ្តាញសង្គម និងជៀសវាងការធ្វើសកម្មភាពណា ដែលអាចប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ។
អាជ្ញាធរបានសង្កត់ធ្ងន់ថា សកម្មភាពណាដែលប៉ះពាល់ដល់ជំនឿ សាសនា និងសណ្តាប់ធ្នាប់សង្គម គួរត្រូវបានកែតម្រូវ និងបញ្ឈប់ ដើម្បីរក្សាប្រពៃណី វប្បធម៌ និងសេចក្តីគោរពចំពោះព្រះពុទ្ធសាសនា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





