នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Peter MacDougall តំណាងអចិន្រ្តៃយ៍កាណាដាប្រចាំអង្គការសហប្រជាជាតិ។
ក្នុងជំនួបខាងលើនេះ ឯកអគ្គរាជទូត កែ សុវណ្ណ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់កាណាដាក្នុងការតម្លើងស្ថានបេសកកម្មរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញនៅឆ្នាំ២០២៥ និងបានលើកឡើងពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២៥ សម្រេចបាន ១,៣៣៤ ពាន់លានដុល្លារអាម៉េរិក រួមជាមួយនឹងការវិនិយោគដ៏រឹងមាំ កំណើនទេសចរណ៍ និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ឯកអគ្គរាជទូតទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ និងសារៈសំខាន់ នៃការគោរពច្បាប់អន្តរជាតិ។ ឯកអគ្គរាជទូតទាំងពីរ ក៏បានពិភាក្សា អំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ក្នុងក្របខណ្ឌក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអង្គការអន្តរជាតិផ្សេងៗ នៅទីក្រុងហ្សឺណែវ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានបេសកកម្មអចិន្រ្តៃយ៍ទាំងពីរ។ រក្សាសិទ្ធដោយ៖សុទ្ធលី


