ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ហិរញ្ញវត្ថុរបស់គណបក្សនយោបាយ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន The Sunday Guardian បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេសឱ្យគណបក្សនយោបាយមួយចំនួននៅ កម្ពុជារួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។ ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះគឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាព ណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។
ជាក់ស្តែងច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយត្រូវបានហាមឃាត់មិនឱ្យទទួល វិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភព ហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើស ច្បាប់បានអនុញ្ញាតឱ្យ ក្រសួងមហាផ្ទៃ ផាកពិន័យជាប្រាក់ និងអាចប្តឹង រំលាយគណបក្សនយោបាយនោះទៅតុលាការកំពូល។ ច្បាប់ក៏បានចែងទៀតថា មិនឱ្យគណបក្សនយោបាយស្ថិតនៅ ក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការ អាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ ឬអាចរំលាយគណបក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ និងលើកទឹកចិត្តចំពោះគណបក្សនយោបាយ ទាំងអស់ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំណែក ពង្រឹងនីតិរដ្ឋ កសាង និងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី



