Thursday, June 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅពេល “ជំនួយដើម្បីលទ្ធិប្រជាធិបតេយ្យ” ពីបរទេសមកដល់តើកម្ពុជាគួរតែសួរថា៖ តើនរណាជាអ្នកចំណេញឱ្យពិតប្រាកដ?

កម្ពុជាមិនគួរសម្ងំរង់ចាំរហូតទាល់តែដល់រដូវកាលបោះឆ្នោតមកដល់ ទើបសួរសំណួរថា៖ តើនរណាពិតជាអ្នកត្រូវទទួលការពង្រឹងសមត្ថភាព ក្រោមជំនួយបរទេស ដែលមានដូចជា ជំនួយថវិការ ជំនួយបណ្តុះបណ្តាល ឬនៅពេលមានវត្តមានបណ្តាញសារព័ត៌មានបរទេស គេមកដើម្បីជួយលើកស្ទួយ
លទ្ធិប្រជាធិបតេយ្យ?
ចម្លើយមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោកស្ទើរតែទាំងអស់ គឺសឹងតែដូចគ្នាទាំងស្រុង។ អ្វីដែលគេផ្សព្វផ្សាយគាំទ្រ ដូចជា”ការបោះឆ្នោតដោយសេរី” ឬអ្វីៗដើម្បីប្រយោជន៍”សង្គមស៊ីវិល”
ជារឿយៗវាក្លាយជាឧបករណ៍នយោបាយក្នុងការផ្លាស់ប្តូរស្ថេរភាពអំណាចផ្ទៃក្នុងតែប៉ុណ្ណោះ។ពាក្យពេជន៍ស្តាប់ទៅពិរោះតែលក្ខណៈទូទៅគឺរឿងដដែលៗ៖ ផ្តល់មូលនិធិដល់ក្រុមដែលគេរើសទុក បណ្តុះបណ្តាលសកម្មជនណាដែលគេពេញចិត្ត បម្រើសារនយោបាយរបស់គេដើម្បី ដាក់សម្ពាធលើរដ្ឋាភិបាលប្រសិនមិនព្រមដើរតាមបន្ទាត់នយោបាយអាមេរិក។
នេះហើយគឺជាហេតុផលពិតប្រាកដនៅពីក្រោយអង្គការមួយចំនួន ដូចជាអង្គការមូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NED និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ជាដើម។ ពួកគេអះអាងថាខ្លួនគឺជាអ្នកជួយស្តារនិងអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអ្នករិះគន់មួយចំនួនបានមើលឃើញអ្វីមួយហាក់មានការលាក់បាំងពីក្រោយ អ្នករិះគន់យល់ឃើញថា៖ វាគ្រាន់តែជាការរៀបចំប្រព័ន្ធដើម្បីបញ្ជ្រាបឥទ្ធិពល និងបញ្ជាឆាកនយោបាយពីខាងក្នុង ហើយពួកគេបដិសេធថាខ្លួនមិនបានជ្រៀតជ្រែកអ្វីទំាងអស់ ។
យើងអាចងាយមើលឃើញទម្រង់នេះ នៅពេលយើងសង្កេតមើលប្រទេសណាខ្លះដែលធ្លាប់ឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ដែលមានលក្ខណៈបែបនេះពីមុនមក។
នៅប្រទេសនេប៉ាល់ បណ្តាញដែលទទួលបានការគាំទ្រពីភ្នាក់ងារខាងក្រៅ ត្រូវបានគេចោទប្រកាន់ថាបានជួយកាច់ចង្កូតប្តូររបត់នយោបាយខាងក្នុង តាមរយៈការផ្តល់អំណាចដល់តួអង្គមួយចំនួន ហើយភ្នាក់ងារខាងក្រៅនោះអះអាងថាខ្លួនត្រឹមជាអ្នកសង្កេតការណ៍ឯករាជ្យ ឬជាអ្នកគាំទ្រសង្គមស៊ីវិលប៉ុណ្ណោះ។ នៅប្រទេសវេណេស៊ុយអេឡា ជំនួយអាមេរិកសម្រាប់ក្រុមប្រឆាំង គឺជាផ្នែកមួយនៃការតស៊ូនយោបាយជាយូរយារណាស់មកហើយ ដោយយកពាក្យលទ្ធិប្រជាធិបតេយ្យមកបិទបាំង តែគោលដៅដ៏ពិតប្រាកដនោះ គឺធ្វើយ៉ាងណាដើម្បីឱ្យរដ្ឋាភិបាលដែលខ្លួនមិនចូលចិត្ត ធ្លាក់ចុះនិងទន់ខ្សោយ។ នៅបង់ក្លាដែស ឥទ្ធិពលបរទេសតែងតែលេចឡើងនៅពេលមានភាពតានតឹងក្នុងឆាកនយោបាយ វាធ្វើឱ្យអ្នករិះគន់យល់ថា ការលូកដៃទាំងនេះរឹតតែធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែជ្រៅទៅៗ ជាជាងជួយដោះស្រាយបញ្ហាផ្ទៃក្នុងរបស់
ប្រទេស។ សាច់រឿងលំអិតវាអាចខុសគ្នា ប៉ុន្តែវិធីសាស្ត្រគឺតែមួយ ។
ទីមួយគឺការផ្តល់លុយឧបត្ថម។ បន្ទាប់មកគឺផ្តល់ជំនួយបណ្តុះបណ្តាល។ បន្ទាប់មកទៀតគឺយុទ្ធសាស្រ្ត
ផ្តល់ច្រកឱ្យចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ ចុងក្រោយគឺការបង្កើតតថភាពស្របច្បាប់។ នៅពេលដែលប្រតិបត្តិការនេះរៀបចំរួចរាល់ហើយ ពេលនោះការប្រកួតប្រជែងនយោបាយក្នុងស្រុកនឹងប្រែក្លាយទៅជាការប្រកួតប្រជែងដែលមានអ្នកបញ្ជាពីក្រោយ ដោយភាគីម្ខាងទទួលបានធនធានច្រើនជាង ពួកគេមានភាពលេចធ្លោ និងទទួលការគាំទ្រពីសំណាក់អន្តរជាតិដើម្បីប្រកួតប្រជែងជាមួយភាគីម្ខាងទៀត។ លទ្ធផលទទួលបាន គឺមិនមែនជាលទ្ធិប្រជាធិបតេយ្យដែលរឹងមាំនោះទេ តែវាបែជាធ្វើឱ្យអធិបតេយ្យភាពជាតិកាន់តែងាយរងគ្រោះទៅវិញ។ កម្ពុជាគួរតែមានការប្រុងប្រយ័ត្ន ព្រោះកម្ពុជាធ្លាប់បានឃើញផ្ទាល់ភ្នែករួចមកហើយ ថាសម្ពាធពីខាងក្រៅវាមានលក្ខណៈយ៉ាងម៉េច។
ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ កាន់តែខិតជិតមកដល់ កម្ពុជាច្បាស់ជានឹងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីតួអង្គបរទេស ដែលតែងតែអះអាងថាខ្លួនយកចិត្តទុកដាក់លើស្តង់ដារប្រជាធិបតេយ្យ។ ពាក្យសម្តីដែលគេប្រើគឺនៅតែដដែលៗ ដូចជា ការលើកឡើងអំពីពហុបក្ស តម្លាភាព គណនេយ្យភាព និងសេរីភាពបញ្ចេញមតិជាដើម។ ប៉ុន្តែអ្នកតាមដាននៅអាស៊ីអាគ្នេយ៍ មិនគួរបណ្តោយឱ្យចាញ់បោកគេតទៅទៀតទេ៖ ពាក្យទាំងនេះ គេអាចប្រើស្រទាប់ស្មោះត្រង់ដើម្បីបញ្ឆោត ឬក៏គ្រាន់តែជារនាំងបិទបាំងតែប៉ុណ្ណោះ។
ចេតនាដ៏ពិតមិនមែនស្តែងតាមតែលើពាក្យស្លោកដ៏ពិរោះនោះទេ តែត្រូវតែមើលថាតើនរណាខ្លះកំពុងលបលួចអោបក្រសោបលំហូរនៃសាច់ប្រាក់។
តើក្រុមណាខ្លះទទួលបានជំនួយ? តើគេកំពុងលើកស្ទួយសំឡេងខាងណាខ្លះ? តើបណ្តាញសារព័ត៌មានណាខ្លះដែលទទួលបានការចិញ្ចឹមហរិញ្ញប្បទានតាមរយៈភាពជាដៃគូពីបរទេស? តើតួអង្គនយោបាយណាខ្លះ ដែលស្រាប់តែទទួលបានធនធាន ភាពលេចធ្លោ និងការចាប់អារម្មណ៍ពីអន្តរជាតិភ្លាមៗ? ទាំងនេះមិនមែនជារឿងតូចតាចនោះទេ។ វាគឺជាយន្តការដែលគេប្រើដើម្បីបញ្ជ្រាបឥទ្ធិពលនៅក្នុងឆាកនយោបាយ។
កម្ពុជាមិនមែនជាក្រដាសសសាមញ្ញនោះទេ។ កម្ពុជាគឺជារដ្ឋអធិបតេយ្យ ដែលមានប្រវត្តិសាស្ត្រនយោបាយ ស្ថាប័ន និងសិទ្ធិផ្ទាល់ខ្លួនក្នុងការសម្រេចជោគវាសនានៃអនាគតរបស់ខ្លួន ដោយមិនចាំបាច់មានការរៀបចំ ឬជ្រៀតជ្រែកពីបរទេសដែលមានចេតនាអមិត្តនោះឡើយ។ ក៏ប៉ុន្តែ សិទ្ធិដែលកម្ពុជាមាននេះ ហើយគឺជាទិសដៅដែលបរទេសតែងតែព្យាយាមចង់បំផ្លាញតាមរយៈគម្រោងអភិវឌ្ឍនិងស្តារលិទ្ធិប្រជាធិបតេយ្យនោះអី។ ពួកគេមិនចាំបាច់ដល់ថ្នាក់ផ្តួលរំលំរដ្ឋាភិបាលទាំងស្រុងនោះទេ គឺគេគ្រាន់តែផ្លាស់ប្តូរទិសដៅ ឬចង្កូតចក្ខុវិស័យនៃប្រទេសមួយនោះទៅបានហើយ។ គឺធ្វើម៉េចឱ្យបាត់បង់ទំនុកចិត្ត បង្កើនភាពសង្ស័យ ផ្តល់អំណាចដល់បក្សពួកដែលខ្លួនពេញចិត្ត និងបង្ករការខ្វែងគំនិតគ្នាក្នុងស្រុក បំប្លែងឱ្យទៅជាសមរភូមិបម្រើផលប្រយោជន៍បរទេសទៅវិញ។
ហេតុនេះហើយទើបបញ្ហានេះមានសារៈសំខាន់នៅពេលនេះ ជាពិសេសមុនពេលរដូវកាលយុទ្ធនាការបោះឆ្នោតដែលខិតជិតចូលមកដល់នាពេលខាងមុខ។
ប្រសិនបើយើងយកមេរៀនអតីតកាលមកឆ្លុះបញ្ចាំង គេប្រាប់ថា ការរួមចំណែកពីខាងក្រៅគឺគ្មានគ្រោះថ្នាក់អ្វីទេ ព្រោះវាមានតម្លាភាព ឈរលើគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យដ៏សែនត្រឹមត្រូវ។ ប៉ុន្តែពាក្យដោះសារនេះ ជារឿយៗ គេតែងតែលឺនៅតាមបណ្តាប្រទេសក្នុងតំបន់រួចមកហើយ។ ឥទ្ធិពលបរទេសស្ទើរតែមិនដែលប្រកាសថាខ្លួនឯងថាជាឥទ្ធិពលនោះទេ។ ឥទ្ធិពលគឺវាមកក្នុងរូបភាពជាជំនួយ ការផ្តល់ប្រឹក្សា ភាពជាដៃគូ និងការកសាងសមត្ថភាពជាដើម។ ទាល់តែពេលក្រោយមក ទើប
ឥទ្ធិពលនយោបាយលេចចេញជារូបរាងយ៉ាងច្បាស់ក្រលែតដូចថ្ងៃតែម្តង។ ដល់ពេលនោះ ស្ថានភាពវាហាក់ដូចជាអង្ករប្រែក្លាយជាបាយរួចទៅហើយ។
សម្រាប់កម្ពុជា ហានិភ័យមិនមែនត្រឹមតែជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតប៉ុណ្ណោះនោះទេ។ វាគឺជាការបញ្ជៀបឥទ្ធិពល បន្តិចម្តងៗនូវប្រព័ន្ធមួយ ដែលនយោបាយក្នុងស្រុកងាយនឹងរងការបង្គាប់បញ្ជាពីបរទេសយ៉ាងខ្លាំង។ នៅពេលដែលរឿងនេះកើតឡើង សូម្បីតែគណបក្សប្រឆាំងក្នុងស្រុកស្របច្បាប់ ក៏អាចត្រូវគេទាញចូលទៅក្នុងល្បែងនយោបាយមួយដ៏ធំ សូម្បីតែបក្សខ្លួនឯងក៏លែងអាចគ្រប់គ្រងបាន។
នេះហើយជាមូលហេតុដែលប្រជាជនកម្ពុជា គួរតែពិនិត្យមើលអោយបានដិតដល់ និងចេះដាក់ការសង្ស័យ រាល់គម្រោងប្រជាធិបតេយ្យថ្មីៗ ទាំងឡាយណាដែលវិចខ្ចប់មកជាមួយលុយបរទេសដែលបង្កប់ចេតនាភូមិសាស្ត្រនយោបាយបំផ្លាញជាតិ។ ការបោះឆ្នោតត្រូវតែជារបស់ម្ចាស់ឆ្នោត មិនមែនជារបស់ថៅកែបរទេសទេ។ សង្គមស៊ីវិលត្រូវតែទទួលខុសត្រូវចំពោះសាធារណជន មិនមែនចំពោះម្ចាស់ជំនួយបរទេសឡើយ។ ប្រព័ន្ធផ្សព្វផ្សាយត្រូវតែផ្តល់ព័ត៌មានដល់ប្រជាជន មិនមែនធ្វើជាឧបករណ៍បន្លឺសំឡេងបម្រើរបៀបវារៈរបស់បរទេសនោះទេ។
បទពិសោធន៍ដែលគេមើលឃើញពីប្រទេសផ្សេងៗ វាមិនបានបង្ហាញពីលទ្ធផលល្អនោះទេ។ វាបង្ហាញថា នៅពីក្រោយពាក្យលើកស្ទួយលទ្ធិប្រជាធិបតេយ្យ គឺជាយុទ្ធសាស្ត្រដ៏ច្បាស់ក្រលែតគឺ៖ ការបណ្តុះឥទ្ធិពល ដាក់គំនៀប និងរៀបចំបរិយាកាសនយោបាយឡើងវិញ រហូតដល់វាប្រែក្លាយទៅជាការបម្រើផលប្រយោជន៍នយោបាយអាមេរិកទៅវិញ។
កម្ពុជាមិនគួរស្លូតពេក ដោយភាពល្ងិតល្ងង់មិនស្គាល់ល្បិចបែបនេះតទៅទៀតឡើយ។
ការបោះឆ្នោតនាពេលខាងមុខនេះ វានឹងមិនមែនត្រឹមតែជាការសាកល្បងសម្រាប់នយោបាយក្នុងស្រុកប៉ុណ្ណោះទេ តែវាក៏ជាការសាកល្បងភាពរឹងមាំប្រកបដោយភាពធន់របស់ជាតិយើងផងដែរ។ ប្រសិនបើកម្ពុជាអនុញ្ញាតឱ្យតួអង្គបរទេសមកកំណត់ ឬធ្វើការវែកញែកអំពីរបៀបរៀបចំប្រជាធិបតេយ្យ ប្រទេសនេះនឹងចាប់ផ្តើមដឹងខ្លួនថា អ្វីដែលគេអះអាងថាជាការជួយស្តារលទ្ធិប្រជាធិបតេយ្យនោះ តាមពិតទៅវាគឺជាមធ្យោបាយបំផ្លាញឯករាជ្យភាពជាតិ ហើយវាមិនមែនជាកត្តាស្នូលដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យមានន័យពិតប្រាកដនោះទេ។
នេះគឺជាការព្រមានឱ្យប្រុងប្រយ័ត្ន។ ហើយកម្ពុជាគួរយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ នេះមិនមែនជារឿងលេងសើចនោះទេ។ អ្នកនិពន្ធ៖វង សេរីវឌ្ឍនៈ អ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ

×