នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម លូ ហៃស៊ីង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ថាគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ឯកឧត្តម បានលើកឡើងថាប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។ ឯកឧត្តម បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិន គឺប្រជាជនចិន បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។ ឯកឧត្តម ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សនៃប្រទេសទាំងពីរផងដែរ ដែល ឯកឧត្តម សង្ឃឹមថាតាមរយៈ MOU នេះ នឹងកាន់តែញាំងបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែរឹងមាំនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស។
សម្ដេចតេជោ បានសម្ដែងនូវការ អរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ ឯកឧត្តម ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោក៏បានរំលេចផងដែរថា នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ លើកដំបូង ដែលសម្ដេចបានធ្វើដំណើរមកកាន់សាធារណរដ្ឋប្រជាមានិតចិន
ហើយក៏គាប់ជួនចំនឹងខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលនេះឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ជាចុងក្រោយ ឯកឧត្តម លូ ហៃស៊ីង ក៏បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ឱ្យបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយភាពជោគជ័យ៕រក្សាសិទ្ធដោយ៖សុទ្ធលី










