អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានគណនីហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ “Khmer United News” បានបង្ហោះផ្សាយនូវវីឌីអូដែលមានខ្លឹមសារថា “សម័យនេះ ហើយនៅមានតុលាការធន់នេះទៀត ប្រហែលស្រុកខ្ញុំគ្មានទេយុត្តិធម៌សម្រាប់អ្នកក្រ គួរតែដកតុលាការចេញ” ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និង បណ្តាញ សារព័ត៌មានថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានបើក សវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៦៨៤ អ.ក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានជនជាប់ចោទ ចំនួន ១៥ (ដប់ប្រាំ) នាក់ រួមមាន៖ ១.ឈ្មោះ លី ហើណេន (LE HENENG) ២.ឈ្មោះ សុខ ម៉េងសាន ៣.ឈ្មោះ ញ៉ន វី ៤.ឈ្មោះ ចាប ធា ៥.ឈ្មោះ បាន សុតនំ ៦.ឈ្មោះ ខុន ភារុណ ៧.ឈ្មោះ ហ៊ុល សីហា ៨.ឈ្មោះ ឃុន វុត្ថា ៩.ឈ្មោះ ឈិន ឈៀក ហៅ ទូច ១០.ឈ្មោះ បូ សុផល ១១.ឈ្មោះ ជា ប៊ុនឡេង ១២.ឈ្មោះ ស៊ិត ចិន ១៣.ឈ្មោះ ភាក់ លីហ្សា ១៤.ឈ្មោះ ឈុន ប៊ុនឈឿត និង ១៥.ឈ្មោះ អុន ឆានេត ជាប់ចោទពីបទ ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស (ដោយមានមនុស្សច្រើននាក់) និង បទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយសារ មរណភាពនៃជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន ជិន យ៉ុន ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុង សំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ២១៨ ចំណុចទី៣ និង មាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។
នាពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះបានសួរចម្លើយជនជាប់ចោទទាំង ១៥ (ដប់ប្រាំ) នាក់ ពិនិត្យភស្តុតាង និង បានពិនិត្យផ្ទៀងផ្ទាត់វីឌីអូកាមេរ៉ាសុវត្ថិភាពក្នុងសំណុំរឿងឃើញថា ជនជាប់ចោទបានសហការគ្នាធ្វើសកម្មភាព ដោយយកអាវុធជា ដំបង និង ទុយោ វាយទៅលើដៃ ជើង ដងខ្លួន និង ក្បាលរបស់ជនរងគ្រោះ ព្រមទាំងបាន ឈរឡោមព័ទ្ធជនរងគ្រោះដើម្បីរារាំងកុំឱ្យជនរងគ្រោះអាចរត់គេចខ្លួនបាន ដែលជាហេតុបណ្តាលឱ្យជនរងគ្រោះ ១ (មួយ) នាក់ ស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ ៣(បី) នាក់ ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ។
បន្ទាប់ពីបានសួរចម្លើយជនជាប់ចោទទាំងអស់ និង ពិនិត្យភស្តុតាងក្នុងសំណុំរឿង ក្រុមប្រឹក្សាជំនុំជម្រះ យល់ឃើញថា មានភស្តុតាងដាក់បន្ទុក និង ពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទទាំង ១៥ (ដប់ប្រាំ) នាក់ ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌរលេខ ០៦៨/ត ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ១៥ (ដប់ប្រាំ) នាក់) )នាក់ ដាក់ពន្ធនាគារ ម្នាក់ៗកំណត់រយៈពេល ១៣ (ដប់បី)ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយមានមនុស្សស្សច្រើននាក់)
និង បទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយសារមរណភាពនៃជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន ជិន យ៉ុន ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ២១៨ ចំណុចទី៣ និង មាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនបន្ថែមថា សំណុំរឿងនេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះ និង សម្រេចសេចក្តីលើសំណុំរឿងនេះស្របតាមច្បាប់ និង នីតិវិធីជាធរមាន ដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និង ភស្តុតាងក្នុងសំណុំរឿង។ ក្នុងករណីដែលមិនសុខចិត្ត នឹងសេចក្តីសម្រេចនៅក្នុងសាលក្រមរបស់តុលាការ ពិរុទ្ធជនមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមក្នុងរយៈពេល ១ (មួយ) ខែ គិតចាប់ពីថ្ងៃប្រកាសសាលក្រម។រក្សាសិទ្ធិដោយ៖សុទ្ធលី








