ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ THE PARK WAY នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចំនួន៣អគារគឺ«អគារA, អគារB និងអគារC»។
ពាក់ព័ន្ធការងារខាងលើនេះលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនារសៀលនេះថា៖នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្ដមឃ្លាំង ហួត ឯកឧត្តម ហ៊ុន សុរិទ្ធី ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ និងឯកឧត្តម ពេញ ធារម្យ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយលោកអភិបាលខណ្ឌ ប្ញស្សីកែវ ដោយមានការសម្របសម្រួលផ្នែកច្បាប់ពីលោក ទុង រតនា និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងខុនដូរ THE PARK WAY (អគារA, អគារB និងអគារC) ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
អគារទាំង៣នោះរួមមាន៖ អគារ A មានកម្ពស់ ៣៦ជាន់ ស្មើនឹង ៤៥០បន្ទប់ អគារ B មានកម្ពស់ ២៦ជាន់ ស្មើនឹង ៥០៤បន្ទប់ និងអគារ C មានកម្ពស់ ៣០ជាន់ស្មើនឹង ៥៧៦បន្ទប់ សរុបទាំង ៣អគារ មានចំនួន ១.៥៣០បន្ទប់ ។
លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាអគារទាំង៣ខាងលើ ត្រូវបានទុកចោល គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើស Online Scams និងបទល្មើសផ្សេងៗឡើយ៕រក្សាសិទ្ធិដោយ៖សុទ្ធលី
















