ខេត្តបាត់ដំបង: សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាស សាលដីកា ដោយសម្រេច តម្កល់ទណ្ឌកម្ម បុរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការថតរូបភាព និង វិដេអូ ទីតាំងឈរជើងរបស់ទាហានកម្ពុជា នៅតាមតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ ក្នុង ភូមិជោគជ័យ និង ព្រៃចាន់ ហើយ បង្ហោះបង្ហាញ លើបណ្ដាញសង្គម
ខណៈពេលដែលទាហាន សៀម កំពុងតែរំលោភឈ្លានចូល ក្នុងទឹកដីខ្មែរ អំឡុងខែ កក្កដា និង កញ្ញា ឆ្នាំ ២០២៥។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង បានថ្លែងឱ្យដឹង នៅក្នុងអង្គសវនាការថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ចាន់ ជាតិ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជាអតីតប្រធាន សកម្មជន និង ជាបេក្ខភាព ក្រុមប្រឹក្សាស្រុកអូរជ្រៅ នៃ គណបក្សឆន្ទ:ខ្មែរ។
ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាត់ទោស ដាក់គុក កំណត់ ១០ ឆ្នាំ ពីបទ: ប្រគល់ឱ្យរដ្ឋបរទេស នូវ ព័ត៌មានដែលនាំឱ្យអន្តរាយដល់ការការពារជាតិ និង បទ ការនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។ តែគាត់ប្តឹងឧទ្ធរណ៍។
ឈ្មោះ ចាន់ ជាតិ ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលជំនាញ កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៥ តាមដីកាបង្គាប់ឱ្យឃាត់ខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ននេះ ជនជាប់ចោទ ឈ្មោះ ចាន់ ជាតិ កំពុងត្រូវបានបន្តឃុំខ្លួន នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN




