ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៦ នេះ បានប្រកាសសាលក្រមលើ សំណុំរឿងក្តី ដ៏រសើប របស់លោកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និង គូកន ជាប់ពាក់ព័ន្ធនឹង ករណីឆបោកមានស្ថានទម្ងន់ទោស នៅក្នុង សំណុំរឿងព្រហ្មទណ្ឌ ចំនួន ៣។
តុលាការក៏បាន សម្រេចផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ហ៊ី គឹមហុង ឈ្មោះ ប្រាក់ ពិន និង ឈ្មោះ ចេង សង្ហាក់ ដាក់គុក ក្នុង ម្នាក់ៗ ១៥ កំណត់ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុង ម្នាក់ៗ ១០ លានរៀល ដាក់ចូលក្នុង ថវិកាជាតិ នៅក្នុង សំណុំរឿងព្រហ្មទណ្ឌ ៣ ដាច់ដោយឡែក ពីគ្នា។
តុលាការក៏បាន សម្រេចប្រកាសផ្តន្ទាទោស ជនជាតិដទៃទៀត ដែលមានឈ្មោះ នៅក្នុង សំណុំរឿងក្តីនេះ ដាក់គុក ក្នុងម្នាក់ៗ កំណត់ ពី២ ទៅ៣ ឆ្នាំ ផងដែរ។
តុលាការក៏បានបង្គាប់ឱ្យ ជនជាប់ចោទ ត្រូវរួមគ្នា សង ថ្លៃខូចខាត ចំនួន ៣៣ លាន ៥០ ម៉ឺនដុល្លារអាមេរិក ទៅប្រជាជនរងគ្រោះ ចំនួន ១,១១៥ គ្រួសារ។
យោងតាម ដីកាតុលាការ បានឱ្យដឹងថា: ជនជាប់ចោទទាំងអស់ ខាងលើនេះ មានឈ្មោះ ដូចតទៅ:
-ជនជាប់ចោទឈ្មោះ ហ៊ី គឹមហុង, ឈ្មោះ ប្រាក់ ពិន, ឈ្មោះ ចេង សង្អាក់, ឈ្មោះ ម៉េត ពុទ្ធា, ឈ្មោះ អ៊ាវ សាវឿន, ឈ្មោះ ហួត សូម៉ុន, ឈ្មោះ ហ៊ង ស្រីមុំ, ឈ្មោះ សាន សុទ្ធាវិន, ឈ្មោះ នៅ ពង្សរាស៊ី, ឈ្មោះ ភន ភាវី, ឈ្មោះ សាត ស្រីម៉ៅ, ឈ្មោះ ហ៊ី វាសនា, ឈ្មោះ ហ៊ុន សុខជា, ឈ្មោះ ប៊ុន ស្រីរដ្ឋ, ឈ្មោះ រឺ សុវណ្ណារិទ្ធ, ឈ្មោះ យស់ គរង្សី, ឈ្មោះ ហ៊ុន តុល, ឈ្មោះ សម អនុស្សា និងឈ្មោះ ស្រ៊ុន ចាន់ឡេង។
ជាប់ចោទពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) ប្រព្រឹត្តនៅ ចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ឆ្នាំ២០២២ និងឆ្នាំ ២០២៣ តាមបញ្ញត្តិមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។
រីឯ ជនជាប់ចោទ -ឈ្មោះ លី សុវណ្ណារាំ, ឈ្មោះ ឈឹម សុភា, ឈ្មោះ កែ វិច្ឆិកា, ឈ្មោះ ម៉ិច សុធារ៉ា, និង ឈ្មោះ ប៊ុត វ៉ី ត្រូវជាប់ចោទពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN











