ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេសធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានធ្វើបទបង្ហាញជូនសមាជិកអង្គទូត និងអង្គការអន្តរជាតិនានាអំពីការវិវឌ្ឍថ្មីៗនៃការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា។ បទបង្ហាញនេះត្រូវបានសម្របសម្រួលដោយ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី ប្រធានបេសកកម្មកម្ពុជានៅក្រៅប្រទេស ផងដែរ។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណចំពោះស្ថានបេសកកម្មបរទេស និងដៃគូអន្តរជាតិចំពោះកិច្ច សហប្រតិបត្តិការជាបន្តបន្ទាប់ ក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលឯកឧត្តមបាន ពិពណ៌នាថាជាទម្រង់ដ៏ស្មុគស្មាញបំផុតមួយនៃឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមបានបង្ហាញពីវឌ្ឍនភាពសំខាន់ៗ ដែលជាលទ្ធផលនៃយុទ្ធនាការដ៏ខ្លាំងក្លាក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានឆ្មក់ចូលទីតាំងសង្ស័យជាង ៧៩៣ ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន៦២៤ទីតាំង លុបបំបាត់មណ្ឌលឆបោកបានចំនួន៨៦កន្លែង និង ឃាត់ខ្លួនជនសង្ស័យជាង២៩.០០០នាក់ មានចំនួន៣៩សញ្ជាតិ។ បុគ្គលជាង២២.០០០នាក់មកពី៣៨ ប្រទេស ត្រូវបានចាប់បញ្ជូនទៅប្រទេសដើម ខណៈដែលមនុស្សជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការ នៃការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ លើសពីនេះ ចំនួន៤០៨ករណី ត្រូវបានបញ្ជូនទៅតុលាការ ខណៈ ដែលការស៊ើបអង្កេតបន្ថែមលើអ្នកជាប់ពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់ កំពុងបន្ត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា ការអនុវត្តច្បាប់នឹងនៅតែម៉ឺងម៉ាត់ មានតម្លាភាព និង នឹងនីតិវិធីត្រឹមត្រូវ ព្រមទាំងធានានូវការការពារផ្នែកច្បាប់សមស្របសម្រាប់ជនរងគ្រោះ និងភាគីផ្តល់កិច្ចសហការ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរពាក់ព័ន្ធបន្តតាមដាន និងត្រួតពិនិត្យទីតាំងសង្ស័យ ដើម្បីបង្ការ ការប្រើប្រាស់ទីតាំងទាំងនោះសម្រាប់ការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់ ការភ្នាល់ និងប្រតិបត្តិការ ឆបោក។ យុទ្ធនាការនេះក៏កំពុងត្រូវបានអនុវត្តរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ រួមទាំងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងមន្ត្រីដែលសង្ស័យថាមានជាប់ពាក់ព័ន្ធ ឬសម្របសម្រួលដល់សកម្មភាព ឧក្រិដ្ឋកម្មនេះ។

ជាការវាយតម្លៃរួម ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលស្គាល់ថា ខណៈពេលដែលទីតាំងឆបោកធំៗទាំងអស់ ត្រូវបានលុបបំបាត់ បណ្តាញឧក្រិដ្ឋជនបានសម្របខ្លួនដោយការផ្លាស់ប្តូរប្រតិបត្តិការទៅកាន់ទីតាំងតូចៗ និងរាយ ប៉ាយជាងមុន រួមមានផ្ទះសំណាក់ អចលនទ្រព្យជួល យានយន្ត និងហាងកាហ្វេ ដែលធ្វើឱ្យការស្វែងរកមាន ការលំបាក។ ហេតុដូចនេះ អាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតែមានការប្រុងប្រយ័ត្នក្នុងការកំណត់ អត្តសញ្ញាណ និងលុបបំបាត់ប្រតិបត្តិការឆបោកនេះ ស្របពេលជាមួយគ្នានេះក៏ត្រូវលើកកម្ពស់ការយល់ដឹងរបស់ សាធារណជន និងដោះស្រាយភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់ ផងដែរ។

ជាទិសដៅខាងមុខ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដោយចីរភាព ជាពិសេសការចែករំលែកព័ត៌មាន កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ អន្តរជាតិនានា ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់ការកើតឡើងវិញ នៃសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាំងក្នុង និងក្រៅប្រទេសកម្ពុជា។

បន្ទាប់ពីបទបង្ហាញ លោកជំទាវ អ៊ាត សោភា បានជម្រាបជូនអ្នកចូលរួមអំពីសន្និសីទអន្តរជាតិស្តីពីការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣-២៤ ខែ កញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ សន្និសីទដែលមានរយៈពេលពីរថ្ងៃនេះត្រូវបានគេរំពឹងថានឹងមានគណៈប្រតិភូ ចូលរួមប្រមាណ ៧០ ដែលរួមមានរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់អាស៊ាន និងប្រទេសដទៃទៀត តំណាងមកពីស្ថាប័ន អនុវត្តច្បាប់ និងសន្តិសុខ ព្រមទាំងអង្គការអន្តរជាតិផងដែរ។ សន្និសីទនេះនឹងលើកឡើងនូវការឆ្លើយតបរបស់ តំបន់ និងសកលលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភាពធន់ផ្នែកបច្ចេកវិទ្យា និងសាយប័រ ព្រមទាំង ការចែករំលែកបទពិសោធន៍របស់ប្រទេសនីមួយៗ ក្នុងគោលបំណងបង្កើនការយល់ដឹងលើប្រព័ន្ធអេកូឡូស៊ី នៃ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងវិវត្ត ពង្រឹងការសម្របសម្រួលអន្តរជាតិ ក៏ដូចជាភាពជាដៃគូពហុភាគី និងផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ សម្រាប់សកម្មភាពរួម ក្នុងការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។
រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>