ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ ការដាក់កងទ័ព ទង់ជាតិ ទូកុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ឬការសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗដែលយោធាថៃបាននិងកំពុងធ្វើដោយបំពានមកលើទឹកដីកម្ពុជា មិនមែនជាវិធីកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។ សកម្មភាពទាំងនេះអាចបង្កើតវត្តមាន និងការគ្រប់គ្រងជាក់ស្តែងលើដីដោយខុសច្បាប់ ហើយវាមិនអាចបង្កើតអធិបតេយ្យភាពតាមច្បាប់ដោយស្វ័យប្រវត្តិបានទេ។ ផែនទីមិនផ្លាស់ទីតាមកងទ័ព ហើយព្រំដែនក៏មិនរត់តាមទីតាំងដែលកងទ័ពឈរនោះដែរ។
នេះជាចំណុចស្នូលដែលមិនគួរត្រូវបានបំភាន់នៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃនោះទេ។ វត្តមានយោធានៅលើទីតាំងមិនបញ្ជាក់ពីអធិបតេយ្យភាព; ការគ្រប់គ្រងជាក់ស្តែង មិនមែនជាកម្មសិទ្ធិស្របច្បាប់; ហើយការបង្កើតអង្គហេតុថ្មីលើដី មិនអាចជំនួសឯកសារគតិយុត្តបានឡើយ។ ព្រំដែនកម្ពុជានិងថៃជាព្រំដែនអន្តរជាតិ ដែលមានអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀមជាមូលដ្ឋានគតិយុត្ត។
អង្គហេតុលើដីមិនអាចលាក់បានឡើយ
នៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យស្ថានភាពជាក់ស្តែង។ តាមទិន្នន័យដែលអាជ្ញាធរកម្ពុជាបានបង្ហាញក្នុងបេសកកម្មទាំងនេះ មានទូកុងតឺន័រចំនួន ១១៦ នៅ ២៤ ទីតាំង ហើយប្រជាពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩ នាក់ ពី ៣,៣១៨ គ្រួសារ ក្នុងនោះមានកុមារ ៣,៤១៦ នាក់ ត្រូវបានរាយការណ៍ថា មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនបាន។
ជាមួយគ្នានេះ រូបភាពផ្កាយរណបបានបង្ហាញពីការបំផ្លាញ ឬឈូសឆាយសំណង់យ៉ាងហោចណាស់ ៦២៧ ខ្នងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្រោយបទឈប់បាញ់ខែធ្នូ ឆ្នាំ២០២៥ដោយយោធាថៃ។ ដូច្នេះ ការជជែកមិនអាចឈប់ត្រឹមពាក្យថា «យើងមិនបានឈ្លានពាន» ឬ «យើងកំពុងការពារទឹកដីរបស់យើង» បានទេ។ ពាក្យអះអាងរបស់ភាគីណាមួយត្រូវប្រឈមមុខនឹងសំណួរដែលអាចផ្ទៀងផ្ទាត់បាន តើសកម្មភាពលើដីស្របនឹងខ្សែព្រំដែន និងកាតព្វកិច្ចដែលកំណត់ដោយឯកសារពាក់ព័ន្ធដែរឬទេ?
បទឈប់បាញ់បានបិទចន្លោះសម្រាប់ការបង្កើតអង្គហេតុថ្មី
កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ណាស់។ ភាគីទាំងពីរបានព្រមព្រៀងរក្សាទីតាំងកងទ័ពដោយមិនផ្លាស់ទីបន្ថែម ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំក្រោមកិច្ចព្រមព្រៀងនេះមិនប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ការវាស់វែង និងខណ្ឌសីមាត្រូវបន្តតាមរយៈ JBC។
ប្រសិនបើថៃជឿថាទីតាំងណាមួយជាទឹកដីរបស់ខ្លួន ការអះអាងនោះត្រូវបង្ហាញតាមឯកសារ និងដោះស្រាយតាមយន្តការដែលភាគីទាំងពីរទទួលស្គាល់ និងមិនមែនចូលមកឈ្លានពានទឹកដីកម្ពុជាដោយកំរោល និងដោយប្រើប្រាស់ផែនទីខុសច្បាប់ឡើយ។
មូលដ្ឋានប្រវត្តិសាស្ត្រ និងគតិយុត្តនៃការកំណត់ព្រំដែនរួមមានសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងឯកសារផែនទីដែលពាក់ព័ន្ធ ខណៈ MoU ឆ្នាំ២០០០ បានបង្កើតក្របខណ្ឌទ្វេភាគីសម្រាប់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។
សូម្បីតែចំពោះភូមិជោគជ័យ ភូមិព្រៃចាន់ ភាគីទាំងពីរក៏បានព្រមព្រៀងតាមយន្តការ JBC លើការស្ទង់វាស់រួម និងការដាក់សញ្ញាបណ្តោះអាសន្ន ដោយបញ្ជាក់ថាសញ្ញាបណ្តោះអាសន្នទាំងនោះ មិនប៉ះពាល់ដល់ព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរឡើយ។ ហេតុនេះ សំណួរមិនមែនថា៖ «ថ្ងៃនេះកងទ័ពរបស់អ្នកណាឈរនៅទីនោះ?» សំណួរត្រឹមត្រូវគឺ៖ «តើសន្ធិសញ្ញា ផែនទី ឯកសារខណ្ឌសីមា និងលទ្ធផលនៃការវាស់វែងរួម កំណត់ទីតាំងនោះយ៉ាងដូចម្តេច?»
បើមិនទាន់ឯកភាព ត្រូវវាស់វែង។ បើមានការខ្វែងគំនិត ត្រូវចរចាគ្នា។ បើមានឯកសារខុសគ្នា ត្រូវផ្ទៀងផ្ទាត់។ បើមានយន្តការដែលបានព្រមព្រៀង ត្រូវប្រើយន្តការនោះ។ អ្វីដែលមិនអាចធ្វើបាន គឺយកកម្លាំងទៅបង្កើតចម្លើយជាមុន ហើយយកស្ថានភាពដែលបង្កើតឡើងនោះទៅធ្វើជាមូលដ្ឋានសម្រាប់ការចរចានៅពេលក្រោយ។
ហេតុនេះ ការបដិសេធដោយពាក្យសម្ដីមិនគ្រប់គ្រាន់ទេ។ បើភាគីណាមួយអះអាងថាសកម្មភាពរបស់ខ្លួនស្របច្បាប់ ត្រូវបង្ហាញមូលដ្ឋានគតិយុត្តដែលគាំទ្រការអះអាងនោះ និងអនុញ្ញាតឱ្យយន្តការខណ្ឌសីមាធ្វើការរបស់វា៕រក្សាសិទ្ធដោយ៖សុទ្ធលី








