ភ្នំពេញ៖ ឯកអគ្គរាជទូតថៃ បានពឹងឯកអគ្គរដ្ឋទូតប្រទេសមួយឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ សំណើនេះ មិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះឡើយ ហើយប្រកាសបកអាក្រាតរាល់ទង្វើឈ្លានពានរបស់ថៃ។លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។តបនឹងសំណើនេះ លោក លុយ ដេវីដ បានប្រកាសជំហថា នឹងបកអាក្រាតនូវទង្វើឈ្លានពានរបស់ថៃមិនលើលែងឡើយ។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថាប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។រក្សាសិទ្ធដោយ៖សុទ្ធលី









