ទីក្រុងញូវយ៉ក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ — ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃឥណ្ឌូណេស៊ី ម៉ូសំប៊ិក និងណាមីប៊ី រៀបចំព្រឹត្តិការណ៍អម (Side Event) ក្នុងទម្រង់ Hybrid ក្រោមប្រធានបទ «សេដ្ឋកិច្ចច្នៃប្រឌិតលើសពីព្រំដែន៖ ការប្រើប្រាស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព»។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ តំណាងអចិន្ត្រៃយ៍រង មន្ត្រីជាន់ខ្ពស់ អ.ស.ប. ព្រមទាំងវាគ្មិនកិត្តិយសមកពីកម្ពុជា ឥណ្ឌូណេស៊ី និងណាមីប៊ី ដែលបានចូលរួមតាមប្រព័ន្ធអនឡាញ។
ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់សេដ្ឋកិច្ចច្នៃប្រឌិត ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
លោកស្រី បានគូសបញ្ជាក់ថា វប្បធម៌មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីអតីតកាលប្រវត្តិសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករដ៏រស់រវើកក្នុងការបង្កើតការងារ សាមគ្គីភាពសង្គម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ហើយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការត្បូង-ត្បូង គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ចច្នៃប្រឌិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
អង្គប្រជុំ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុង (១) ការបញ្ជ្រាបសេដ្ឋកិច្ចច្នៃប្រឌិតទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ (២) ការពង្រឹងការកសាងសមត្ថភាពសម្រាប់ហិរញ្ញប្បទាន ពាណិជ្ជូបនីយកម្ម និងការទទួលបានទីផ្សារ (៣) ការប្រើប្រាស់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីចែករំលែកឧត្តមានុវត្តន៍ និងបណ្តុះបណ្តាលជំនាញ និង (៤) ការធានាឱ្យបាននូវការចូលរួមប្រកបដោយបរិយាបន្នពីសំណាក់ស្ត្រី យុវជន អ្នកបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងខ្សែច្រវាក់តម្លៃសកល។រក្សាសិទ្ធដោយ៖សុទ្ធលី








