ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ លោកស្រី ហុង ម៉ារីនិច កាលពីថ្ងៃទី ៤ ខែ កញ្ញា បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទចំនួន ១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ ដែលត្រូវបានសង្ស័យថាបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា។
ការសម្រេចឃុំខ្លួននេះ ត្រូវធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។
យោងតាម ដីកាតុលាការ, ជនត្រូវចោទទាំង ១២នាក់ រួមមានជនជាតិខ្មែរ ៦នាក់ ជនជាតិចិន ៤នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិប៉ាគីស្ថានម្នាក់។
ជនជាតិខ្មែរទាំង៦នាក់មានឈ្មោះ ផាត សុភី, ស៊ឹម ធិណា, សុខ មករា, អ៊ុម យួន, ឈឿន វិច្ចនី និង សេង សាលី។
ជនជាតិចិនមានឈ្មោះ ZHANG TAO, TAN WEI, LIU HAO និង SHANG TING។ ចំណែកឯជនជាតិម៉ាឡេស៊ីឈ្មោះ LIM PIN ANG និង ជនជាតិប៉ាគីស្ថានឈ្មោះ ALI AWAIS។
ជនត្រូវចោទទាំងអស់ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់» និងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ និងទី២ (ម១ និង ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។
ក្នុងប្រតិបត្តិការស្រាវជ្រាវនៅតាមទីតាំងពាក់ព័ន្ធ សមត្ថកិច្ចបានដកហូតសម្ភារជាច្រើន រួមមាន ទូរស័ព្ទដៃ ២,៣៧៧គ្រឿង, កុំព្យូទ័រ All-in-One ២៤៥គ្រឿង, CPU ២៤គ្រឿង, ម៉ូនីទ័រ ២០គ្រឿង, កុំព្យូទ័រយួរដៃ ៥គ្រឿង និងឧបករណ៍ Wi-Fi ៥គ្រឿង។
សមត្ថកិច្ចក៏បានដកហូតលិខិតឆ្លងដែនចំនួន ៨, រថយន្ត BYD ពណ៌សមួយគ្រឿង, ម៉ូតូចំនួន ៣គ្រឿង ម៉ាក PG1, អាគុយ? និង KAWASAKI ព្រមទាំងស៊ីមកាតបរទេស និងអន្តរជាតិមួយចំនួនធំ។
ការបង្ក្រាបនេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសប្រើប្រាស់បច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






