ខេត្តតាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្អាកការដំណើរការហ្គេមភ្នាល់អនឡាញនៅគ្រប់ នៅតាមកាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦តទៅ ដើម្បីពង្រឹងវិធានការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការចរាចរមូលនិធិដែលមិនមានប្រភពច្បាស់លាស់។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង៥,០០០ម៉ែត្រ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
លោក ស សុខា បានថ្លែងថា: ការផ្អាកនេះគឺជាឆន្ទៈ និងការសម្រេចចិត្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហ្គេមភ្នាល់អនឡាញ និង ទប់ស្កាត់សកម្មភាពខុសច្បាប់ដែលអាចពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអ៊ីនធឺណិត។
លោកបានបញ្ជាក់ថា ការស្រាវជ្រាវរបស់អាជ្ញាធរបានរកឃើញថា ការលេងល្បែងអនឡាញមួយចំនួនត្រូវបានផ្សាយផ្ទាល់ចេញពីកាស៊ីណូ ហើយលំហូរប្រាក់ដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ អាចបង្កការលំបាកដល់ការគ្រប់គ្រង និងត្រួតពិនិត្យ។
លោកបានបន្ថែមថា ក្នុងអំឡុងពេលផ្អាកនេះ សម្ដេចធិបតីបានណែនាំឱ្យក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ ចាប់ផ្តើមរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងហ្គេមប្រភេទនេះឱ្យបានច្បាស់លាស់ ដោយផ្តោតលើក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធនធានមនុស្សដែលមានជំនាញគ្រប់គ្រាន់។
ការអនុញ្ញាតឱ្យដំណើរការឡើងវិញ នឹងត្រូវពិចារណាឡើងវិញនៅពេលដែលប្រព័ន្ធគ្រប់គ្រង និងវិធានការចាំបាច់ត្រូវបានរៀបចំរួចរាល់។
លោកក៏បានព្រមានថា: ចាប់ពីខែតុលា ខាងមុខនេះ កាស៊ីណូណាដែលបំពានគោលការណ៍នេះ អាចប្រឈមនឹងការដកហូតអាជ្ញាបណ្ណ និងវិធានការតាមផ្លូវច្បាប់ផ្សេងទៀត។
យោងតាមទិន្នន័យដែលបានបង្ហាញ ក្នុងរយៈពេលចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធី ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង២២,០០០នាក់ មកពី៣៨សញ្ជាតិ។
ក្នុងអំឡុងពេលដូចគ្នា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងចំនួន៤០៨ករណីទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទចំនួន៣,៤៧៧នាក់ មកពី២៩សញ្ជាតិ ដែលរួមមានមេខ្លោង និងអ្នកពាក់ព័ន្ធនឹងបណ្តាញឆបោក។
ជាមួយគ្នានេះ អាជ្ញាធរបានស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប៧៩៣ទីតាំង ហើយបានចុះបង្ក្រាបជាក់ស្តែងចំនួន៦២៤ទីតាំង និងរំលាយមណ្ឌលឆបោកចំនួន៨៦ទីតាំង។ ប្រតិបត្តិការទាំងនេះបាននាំទៅដល់ការឃាត់ខ្លួនជនសង្ស័យជិត៣០,០០០នាក់ មកពី៣៩សញ្ជាតិ។
នៅក្នុងយុទ្ធនាការបង្ក្រាបនេះ អាជ្ញាធរក៏បានចាត់វិធានការតាមផ្លូវច្បាប់ចំពោះកាស៊ីណូចំនួន២៧ទីតាំង ក្នុងនោះមានកាស៊ីណូចំនួន១៨ ត្រូវបានដកហូតអាជ្ញាបណ្ណ និង៩កាស៊ីណូទៀតត្រូវបានព្យួរអាជ្ញាបណ្ណ។
ជាមួយគ្នានេះ វិធានការផ្លូវច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីមួយចំនួនដែលត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងចំនួន៤ ពាក់ព័ន្ធនឹងជនសង្ស័យសរុប១៥នាក់ រួមមានព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។
រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសថា មជ្ឈមណ្ឌលឆបោកខ្នាតធំត្រូវបានបោសសម្អាត ប៉ុន្តែអាជ្ញាធរទទួលស្គាល់ថា នៅមានសកម្មភាពឆបោកខ្នាតតូចមួយចំនួន ដែលជនល្មើសព្យាយាមលាក់ខ្លួនប្រព្រឹត្តបទល្មើសតាមផ្ទះជួល រថយន្ត ឬទីតាំងផ្សេងៗ ហើយកំពុងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវ និងបង្ក្រាប។
លោក ស សុខា ក៏បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការអន្តរជាតិបានបន្តពង្រឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងធានាថា បណ្តាញឧក្រិដ្ឋជនមិនអាចត្រឡប់មកបង្កើតមូលដ្ឋានប្រព្រឹត្តបទល្មើសឡើងវិញបាន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN៕






