ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៦ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត និងសូមចូលរួមប្រកបដោយ ភាពកក់ក្តៅជាមួយបងប្អូនជនរួមជាតិទាំងអស់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកអប់រំ សិស្ស និស្សិត យុវជន កម្មករ និយោជក ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូន អ្នកសិក្សាអក្ខរកម្មនៅទូទាំងប្រទេស។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវសុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បើទោះបីជា ប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងវិបត្តិនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាង ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល បញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងការវិវត្តយ៉ាងលឿនន បច្ចេកវិទ្យាឌីជីថល ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយ៉ាងណាក្តី។ រាជរដ្ឋាភិបាលកម្ពុជាបាននិង កំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្មប្រកបដោយការទទួលខុសត្រូវ ភាពម្ចាស់ការ និងចក្ខុវិស័យ វែងឆ្ងាយ ដោយផ្តោតលើការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការការពារឧត្តមប្រយោជន៍ជាតិ ស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ និងបមើ ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ក្នុងការពន្លឿនកិច្ចអភិវឌ្ឍនិងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ឆ្ពោះទៅរកការកសាងអនាគតដ៏រុងរឿងមួយ ស្របតាមឆន្ទៈនិងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឆ្នាំ២០២៦នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ដែលជាប្រធានបទដ៏សំខាន់មួយនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ
បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។
ស្របពេលដែលពិភពលោកកំពុងអបអរទិវាអក្ខរកម្មអន្តរជាតិ ប្រធានបទនេះក៏បានបំពេញបន្ថែមជាមួយនឹង ដោយផ្តោតលើការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌
ប្រធានបទនៃទិវាអក្ខរកម្មអន្តរជាតិការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍសង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដែលការណ៍នេះស្របជាមួយគ្នានឹងគោលដៅអភិវឌ្ឍន៍ជាតិ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្ដីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»។ ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យក «មនុស្ស» ជាអាទិភាព គន្លឹះទី១ និងផ្ដោតលើការពង្រឹងគុណភាពអប់រំ ការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍជំនាញ និងឱកាសសិក្សាពេញ មួយជីវិត ដោយធានាថា មនុស្សគ្រប់រូបទាំងកុមារ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ និងមនុស្សពេញវ័យ នៅគ្រប់តំបន់ ជាពិសេសអ្នករស់នៅតំបន់ជនបទ តំបន់ជួបការលំបាក ជនជាតិដើមភាគតិច ជនមានពិការភាព និង ក្រុមប្រជាជនងាយរងគ្រោះ មានឱកាសទទួលបានការអប់រំដោយគ្មានការរើសអើង និងគ្មាននរណាម្នាក់ត្រូវបានផាត់ ចេញឡើយ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់អក្ខរកម្មថាជាការវិនិយោគដ៏មានតម្លៃបំផុត លើមនុស្ស ព្រោះការផ្តល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ គឺជាការបង្កើតកម្លាំងចលករសម្រាប់ចូលរួមក្នុង សកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងឱកាសនៃការសិក្សាពេញមួយជីវិត សំដៅកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ ផលិតភាពការងារ ការពង្រឹង សុខុមាលភាពគ្រួសារ និងការកសាងសង្គមពុទ្ធិប្រកបដោយសមធម៌ ភាពធន់ នវានុវត្តន៍ បរិយាបន្ន និងចីរភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តធ្វើការកែទម្រង់លើអាទិភាពមួយចំនួនក្នុងវិស័យអប់រំ ដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន កម្មវិធីសាលារៀនគំរូ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន កំណែទម្រង់ការប្រឡង ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ តាមរយៈការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការសិក្សា មុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅមធ្យមសិក្សាចំណេះទូទៅ ការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរទេស ការបណ្តុះបណ្តាលជំនាញសតវត្ស ទី២១ ការអប់រំឌីជីថល ការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាស
សិក្សាពេញមួយជីវិត។ ជាមួយគ្នានេះ ក្រសួងបានផ្តល់ការគាំទ្រនូវកម្មវិធីផ្សេងៗជាច្រើនសម្រាប់យុវជននិងកុមារ ងាយរងគ្រោះ ក្នុងនោះកម្មវិធីអក្ខរកម្មអប់រំពហុភាសាសម្រាប់ជនពេញវ័យ តាមរយៈការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំ ពហុភាសាសម្រាប់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច តាមរយៈការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីនេះ អនុវត្តដោយ មានការផ្តួចផ្តើមចងក្រងប្រព័ន្ធអក្ខរក្រម សម្រាប់ភាសាកំណើតជនជាតិដើមភាគតិចទំពួន គ្រឹង ព្រៅ កាវ៉ែត ព្នង និង ភាសាចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល ហើយមានយន្តការក្របខ័ណ្ឌគតិយុត្ត កម្មវិធីសិក្សា និង សម្ភារៈសិក្សា ស្របតាមកម្មវិធីសិក្សាជាតិ ដោយផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌របស់សហគមន៍ ជនជាតិដើមភាគតិចនីមួយៗ។ ទន្ទឹមនឹងនេះ ក្រសួងបានយកចិត្តទុកដាក់ជាពិសេសលើការផ្តល់ឱកាសសិក្សាដល់ ជនមានពិការភាព និងជនស្ថិតក្នុងសេចក្តីត្រូវការពិសេស តាមរយៈការពង្រឹងការអប់រំបរិយាបន្ន ការអប់រំពិសេស ការបណ្តុះបណ្តាលគ្រូបង្រៀន ការកែលម្អបរិយាកាសសិក្សា ការអភិវឌ្ឍសម្ភារៈសិក្សានិងផ្តល់សម្ភារៈសិក្សាសមស្រប ការប្រើប្រាស់ភាសាសញ្ញា អក្សរប្រៃយ៍ (Braile) និងឧបករណ៍ជំនួយផ្សេងៗ ដើម្បីធានាថា គ្មានកុមារ យុវជន ឬជន ណាម្នាក់ ត្រូវបានរារាំងពីការទទួលបានការអប់រំដោយសារតែពិការភាព ឬសេចក្តីត្រូវការពិសេសរបស់ខ្លួនឡើយ។
ជាមួយគ្នានឹងការគាំទ្រចំពោះប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវនិងដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដាឬយន្តការចាំបាច់នានា ដើម្បីពង្រីក វិសាលភាពនៃកម្មវិធីអក្ខរកម្ម សំដៅលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈផ្នែក ឌីជីថល បច្ចេកវិទ្យាព័ត៌មាន ជាពិសេសកម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិច ឱ្យកាន់ត សម្បូរបែបដល់ប្រជាជនគ្រប់រូប គ្រប់វ័យ ដោយមិនរើសអើងជាតិសាសន៍ ភាសា និងវប្បធម៌ ក្នុងគោលបំណង ជួយពួកគាត់ឱ្យមានចំណេះដឹង មានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញទន់និងជំនាញរឹង ដើម្បីជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពធន់ និងបរិយាបន្ន។ ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាស រៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាព ឬជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត ប្រកបដោយសមធម៌ និងបរិយាបន្ន។
ទី៤- ប្រធានរោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញ ការបើកថ្នាក់អក្ខរកម្ម ដោយភ្ជាប់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា និងការបណ្ដុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក និងជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍ដល់ពួកគាត់ក្នុងការ បង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ ការពង្រឹងសុខុមាលភាពគ្រួសារ និងសុខដុមនីយកម្មក្នុងសហគមន៍។ ទី៥- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី អក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃអក្ខរកម្ម ជាពិសេស អក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មព័ត៌មានវិទ្យា ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មានតាមអនឡាញ យល់ដឹងអំពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែក ព័ត៌មានប្រកបដោយក្រមសីលធម៌ និងសុក្រឹតភាព។
ទី៦- ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីកៀរគរប្រមូលផ្ដុំធនធាន និងចែករំលែកបទពិសោធ ក្នុងការពង្រឹងនិងពង្រីក កម្មវិធីអក្ខរកម្ម ដើម្បីលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យា ព័ត៌មាន ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព តាមរយៈភាពជាដៃគូប្រកបដោយប្រសិទ្ធភាព។ ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការងារអក្ខរកម្មនាពេលកន្លងមក និងសូមបន្ត ជួយឧបត្ថម្ភគាំទ្រផ្តល់កិច្ចសហការល្អបន្តទៀត ដើម្បីបុព្វហេតុអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលមូលធនមនុស្ស និង ការអភិវឌ្ឍសង្គមពុទ្ធិនៅកម្ពុជា៕រក្សាសិទ្ធិដោយ ៖សុទ្ធលី








